(មណ្ឌលគិរី)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត ចំនួន ១៦ (មានលេខរៀងពីទី៧៩ ដល់ទី៩៤ ) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៥ គ្រួសារ ស្មើនឹងមនុស្ស ១,៧៤៥នាក់ នៅក្នុងឃុំទាំង៦ នៃស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានចម្ងាយ៦១៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្តាំផ្ញេីសួរសុខទុក្ខដល់ ប្រជាពលរដ្ឋទាំងអស់ និងបានផ្ដាំផ្ញើ សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងរាល់ពេលធ្វើទៅទីជិតឬឆ្ងាយ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារគ្រោះថ្នាក់ដែលកើតមានឡើងដោយយថាហេតុ។ បន្ថែមពីលើនេះទៅទៀត សូមបងប្អូន ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ព្រមទាំងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ ហើយត្រូវចូលរួមថែរក្សានូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។
ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងពិធីប្រគល់សមិទ្ធផលអណ្ដូងទឹកនេះ ស្ត្រីម្នាក់ៗទទួលបាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។ ក្រោយពីទទួលបាន សមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើប និងសូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងបានប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបាន ជាប្រយោជន៍រួមដ៏យូរអង្វែងទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ រៀងរហូតមក កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋបានរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី មកដល់ពេលនេះ ទទួលបានចំនួន ៩៤អណ្តូង ពីកាកបាទក្រហមកម្ពុជា៕