(មណ្ឌលគីរី)៖ សត្វដំរីព្រៃ១១ក្បាលគិតទាំងកូនដំរី ដែលធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យសង្រ្គាម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ត្រូវបានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធជួយសង្គ្រោះបានហើយ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីជួយអន្តរាគមន៍យ៉ាង យកចិត្តទុកដាក់ពីសំណាក់មន្រ្តីបរិស្ថាន មន្រ្តីអង្កការអភិរក្សសត្វព្រៃ WWF និងសមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្ត ដែលបានបញ្ជាទៅនោះ នៅទីបំផុត សត្វដំរីទាំង១១ក្បាល ត្រូវបានជួយសង្គ្រោះឡើងមកលើគោកអស់ហើយ។
បន្ថែមពីលើនេះលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់ឲ្យដឹងថា ការជួយសង្គ្រោះ កូនដំរីមួយ ក្បាលត្រូវ បានយកឡើងលើគោកក្រោយគេ ដោយសារតែវាងអស់កម្លាំងខ្លាំង ដែលនៅត្រាំក្នុងភក់ និងដោយសារមេរបស់វា ចេះតែកៀងការពារ ហើយទាញមកក្រោមខ្លួនរឹតតែពិបាកដកដង្ហើមខ្លាំងឡើង។
បើតាមលោក កែវ សុភគ៌ សត្វដំរីទាំង១១ក្បាល បន្ទាប់ពីជួយសង្គ្រោះហើយ ត្រូវបានព្រលែងចូលទៅក្នុងព្រៃអស់ហើយ។ ការសង្គ្រោះសត្វដំរីទាំងនេះ ត្រូវបានក្រុមការងារចំណាយពេលប្រមាណជាង៥ម៉ោង យកចេញពីរណ្តៅដែលមានជំរៅជាង៣ម៉ែត្រ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញបានប្រើម៉ាស៊ីនបូមទឹក ដើម្បីបាញ់ចូលរណ្តៅងាយស្រួល ដំរីដកដង្ហើមពេលទឹកច្រើន និងបន្ទាប់មកនាំគ្នាកាយដីដើម្បីឲ្យរៀបស្មើនឹងរណ្តៅ ព្រមទាំងទម្លាក់មែកឈើឲ្យដំរីអាចឡើងលើគោកបាន។
គួរបញ្ជាក់ថា ទីតាំងដែលដំរីព្រៃទាំង១១ក្បាល ធ្លាក់ក្នុងរណ្តៅគ្រាប់បែក សម័យសង្រ្គាម គឺមានចំងាយឆ្ងាយពីទីរួមខេត្ត ដូចនេះ ហាក់ដូចជាពិបាក ក្នុងការធ្វើដំណើរទៅជួយសង្រ្គោះ តែក្រុមការងារបានខិតខំប្រឹងប្រែង រហូតទទួលបាន លទ្ធផលជោគជ័យ៕