(ភ្នំពេញ)៖ លោក ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តីផងនោះ បានថ្លែងចោទជាសំណួរហួសចិត្តមួយទៅកាន់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងថា តើការធ្វើអំពើល្អជាមួយជនក្រីក្រខុសដែរឬទេ?
សំណួររបស់លោក ឌួង តារា បានចោទសួរឡើងបន្ទាប់ពីមានអ្នកបណ្តាញសង្គម Facebook មួយរូប ដែលគេដឹងថាមាននិន្នាការគាំទ្រគណបក្សប្រឆាំងនៅកម្ពុជា បានរិះគន់ចំពោះសកម្មភាពមនុស្សធម៌មួយចំនួនរបស់លោកតាមរយៈការទិញបន្លែ និងនំណែកផ្សេងៗពីអ្នក ជិះកង់ ឬទូលលក់នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ។
លោក ដួង តារា ត្រូវបានគេសង្កេតឃើញថា តែងបានចែករំលែកនូវក្តីស្រឡាញ់របស់លោកទៅកាន់ជនក្រីក្រមួយចំនួន ដែលខិតខំតស៊ូជម្នះការលំបាកក្នុងជីវិត។ ក្តីស្រឡាញ់ដែលលោកចែកជូននោះ គឺរាល់ពេលដែលលោកបានជួបជាមួយអ្នកលក់ដូរ ដូចជាទូលល្អី ឬ ជិះ កង់លក់នំណែក ឬបន្លែបង្ការផ្សេងៗនោះ លោកតែងតែជួយទិញយកទាំងអស់ៗ ហើយក៏បានផ្តល់ថវិកាបន្ថែមខ្លះថែមទៀតផង។
លោកអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះ បានហៅសកម្មភាពដែលខ្លួនកំពុងធ្វើនេះ គឺដើម្បីចែករំលែកនូវក្តីស្រឡាញ់ របស់លោកទៅកាន់ជនទីទ័លក្រតាមលទ្ធភាពអាចធ្វើទៅបាន ហើយចង់នាំភាពសប្បាយរីករាយតាមរយៈការជួយទិញនេះជូនទៅអ្នក លក់ដូរទាំងនោះផងដែរ។
តែគួរឲ្យសោកស្តាយទង្វើរបស់លោក ដួង តារា ដែលមានមនុស្សជាច្រើនបានបង្ហាញការគាំទ្រនេះ ត្រូវបានបុរសម្នាក់មាន Facebook ឈ្មោះ «Samphors Moun» ធ្វើការតិះទៀន និងរិះគន់ទៅវិញ។ បុរសដែលមាន Facebook ឈ្មោះ «Samphors Moun» បានជាន់ឈ្លីនូវទង្វើល្អរបស់អ្នកដទៃ និងសង្គមគាំទ្រ ដោយបានហៅសកម្មភាពរបស់លោក ដួង តារា ថា ជាឈុតឆាកសម្តែង ដើម្បីទិញទឹក ចិត្តប្រជាពលរដ្ឋ ធ្វើប្រជាភិថុតិជាប្រយោជន៍នយោបាយទៅវិញ។
ឆ្លើយតបការរិះគន់ និងតិះទៀននេះ លោក ដួង តារា បានបញ្ជាក់ថា «សម្តេចតេជោតេជោនាយករដ្ឋមន្រ្តី តែងតែរំលឹកឲ្យមន្រ្តីទូទៅធ្វើជាមន្រ្តីល្អ បម្រើប្រជាពលរដ្ឋឲ្យបានល្អ។ ចំពោះរូបខ្ញុំព្រះរករុណា ខ្ញុំបាទ គឺមិនដែលចង់អួតអាងបង្ហាញពីតួនាទីអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ គឺខ្ញុំព្រះករុណាខ្ញុំបាទសប្បាយរីករាយណាស់ដែលមានឱកាសបម្រើសង្គមជាតិ។ ខ្ញុំព្រះរករុណា ខ្ញុំបាទ ចង់ប្រាប់ព្រះតេជគុណ និងបងប្អូនប្រជាពលរដ្ឋថា ខ្ញុំបាទចែករំលែក្តីស្រឡាញ់ និងស្នាមញញឹមតាមរយៈការជួយទិញបងប្អូនអ្នកទីទ័លក្រ (ព្រោះតែអាណិតស្រឡាញ់ ដែលពិបាកនឹងមើលរំលងពួកគាត់ណាស់) បន្តិចបន្តួចនេះ គឺចេញមកពីសទ្ឋារជ្រះថ្លាពីបេះដូងពិតៗ ដោយគ្មានចង់បានអ្វីពីគាត់វិញឡើយ ក្រៅពីស្នាមញញឹម និងក្តីស្រឡាញ់»។
លោក ដួង តារា បានបន្ថែមថា «តើខ្ញុំបន្ទាបខ្លួនធ្វើជាមន្រ្តីល្អម្នាក់ ដើម្បីជួយពលរដ្ឋទន់ខ្សោយអ៊ីចឹងខុសដែរទេ ព្រះតេជគុណ លោក យាយលោកតា និងបងប្អូនទាំងអស់? បើខ្ញុំព្រះករុណាមានឱកាសជួយអ្នកទន់ខ្សយហើយ តែបែរមិនជួយ តើយ៉ាងណាទៅវិញ? សូមបងប្អូនដែលមើលមកខ្ញុំក្នុងផ្លូវមិនល្អ ចូលរួមចែករំលែកស្នាមញញឹម និងក្តីស្រឡាញ់ទាំងអស់គ្នា ដើម្បីសង្គមជាតិយើងកាន់តែរីកចម្រើនទៅមុខ»៕