(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ នៅខេត្តសៀមរាបនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤នេះ គ្រោងនឹងប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក លីវ ជីវមីន អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរ។
កិច្ចប្រជុំនឹងធ្វើការបូកសរុបវឌ្ឍនភាពការងារ ដែលសម្រេចបានកន្លងមក និងលើកទិសដៅការងារ តទៅខាងមុខ នៅក្នុង ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ចិន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ ផ្លូវការ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជានៅក្នុងពេលខាងមុខ ។ កិច្ចប្រជុំនេះក៏គ្រោងនឹងពិភាក្សាផងដែរ លើការត្រៀម រៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន នៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ៕