(កំពង់ចាម)៖ លោកស្រី អ៊ុក ម៉ាលី អគ្គហិរញ្ញឹកសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងជាអនុក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានជំុរញឲ្យនារី ចួលរួមថែរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងចេះវាយបកភ្លាមៗនូវការរិៈគន់គ្មានមូលដ្ឋានច្បាស់លាស់ ។
លោកស្រីបានថ្លែងជំរុងបែបនេះ ក្នុងកិច្ចប្រជុំសន្និបាតសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ចាម។
លោកស្រី បានបន្ដថា «សូមអំពាវនាវដល់សមាជិកនៅតាមមូលដ្ឋានទាំងអស់ ក្ដាប់ឲ្យបាន វាយបកឲ្យលឿន លើចំណុចទាំងឡាយទាំងណា ដែលបុគ្គលមួយចំនួននិយាយមិនត្រឹមត្រូវ ទៅតាមការជាក់ស្ដែង លើចំណុចទាំង១៣ ដែលជាគោលនយោបាយសំខាន់ឆ្ពោះទៅការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា រួមទាំងការអនុវត្ដការងាររីកចម្រើនជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ដ ដើម្បីឲ្យប្រទេសកម្ពុជា បានរីកលូតលាស់លើគ្រប់វិស័យ និងសុខសន្ដិភាព នាពេលកន្លងមកនេះ ។ លើសពីនេះ គោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានផ្ដោតសំខាន់ លើប្រជាពលរដ្ឋក្រខ្សត់ ងាយរងគ្រោះ គ្មានដីនៅ និងផ្ដល់ដីសម្រាប់សាងសង់ លំនៅឋាន បង្កបង្កើនផល តបណ្ដាអគ្គិសនីដល់គ្រប់ភូមិ ក្នុងតម្លៃថោកបំផុត រហូតដល់ទៅ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងសម្រួលភាពលំបាក របស់ប្រជារាស្ដ្រ គ្រប់រូបភាពទាំងអស់ផងដែរ»។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានលើកឡើងពី សេចក្តីថ្លែងការណ៍រួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ពីការខ្ចីប្រាក់ពីធនាគារ ដែលរាជរដ្ឋាភិបាល បានថ្លែងប្រាប់ប្រជាពលរដ្ឋ មួយចំនួន ជាពិសេស នៅតំបន់ជនបទ ដែលតែងតែមានការយល់ច្រឡំថា ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា ជារបស់រដ្ឋ វាជារឿងខុសស្រលះតែម្ដង វាគឺជាគ្រឹះស្ថានកាន់កាប់ និងគ្រប់គ្រងដោយឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋទេ ហើយបង្កើតឡើងដើម្បី ស្វែងរកប្រាក់ចណេញសម្រាប់ទ្រទ្រង់និរន្តរភាព ប្រតិបត្តិកររបស់ខ្លួនតែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ ពីស្ថាប័នឯកជនទាំងនោះ គឺត្រូវសងប្រាក់កម្ចីទាំងនោះឲ្យគេវិញដោយខ្លួនឯង មិនមានអ្នកណាសងជំនួសនោះទេ ដូច្នេះកុំជឿទៅតាមការឃោសនាបោកប្រាស់របស់ជនខិលខូចមួយចំនួនឲ្យសោះ វាមិនអាចទៅរួចនោះទេ។
គួររលឹកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ នារីត្រូវបំបិតសិទ្ធិសេរីភាព មាក់ងាយពីបុរស និងសង្គមបញ្ហាទាំងនេះ ដោយសារកម្ពុជា ឆ្លងកាត់សង្គ្រាមផង បែកបាក់ពីអតីតកាល ។ ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំងប្រទេស ជាពិសេសជោគជ័យដ៍ធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូច ធំ នៅទីក្រុង ទីប្រជុំជននានាទូទាំងប្រទេស ជាពិសេសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ៕