(កំពង់ស្ពឺ)៖ ទារកទើបកើតបានរយៈពេល១០ថ្ងៃប៉ុណ្ណោះ បានកើតជំងឺឈឺភ្នែក ហើយម្តាយយកមកព្យាបាលនៅ «មន្ទីពេទ្យបង្អែកទួលអំពិល» ពេលនោះគ្រូពេទ្យពិនិត្យ រួចយកថ្នាំឲ្យទារកដែលមានជំងឺនោះ ផឹកស្រាប់តែល្ងាចឡើងទារក បានដាច់ខ្យល់ស្លាប់ ក្រោយពេលលេបថ្នាំបាន៦ម៉ោងក្រោយ ធ្វើឲ្យស្ត្រីជាម្តាយ និងឪពុកទារកនោះស្រែកទ្រហ៊ោយំ ស្ទើឆ្កួតបន្ទាប់ពីបានដឹងថា កូនជាទីស្រលាញ់បានផុតដង្ហើម។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិផាន ឃុំទួលអំពិល ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ទារកដែលស្លាប់នោះ ឈ្មោះ លី ចាន់ចម្រើ អាយុទើបបាន១០ថ្ងៃ និងម្តាយឈ្មោះ ផុន សារី អាយុ២៤ឆ្នាំ ជាស្រ្តីកូនខ្ចី និងប្តីឈ្មោះ ចាន់ ភារុន អាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្ររស់នៅ ភូមិផាន ឃុំទួលអំពិល ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ។

ស្ត្រីជាម្តាយទារកដែលបានស្លាប់នោះ បានរៀបរាប់ពីដំណើររឿងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះឲ្យដឹងថា បន្ទាប់ពីខ្លួននាងបានសម្រាលកូន បានរយៈពេល១០ថ្ងៃ ស្រាប់តែកូនង៉ានោះ បានកើតជំងឺឈឺភ្នែករូបនាង ក៏បាននាំកូនទៅ «មណ្ឌលសុខភាពទួលអំពិល» បន្ទាប់ពីរូបនាងបានយកកូនង៉ា មកដល់មណ្ឌលសុខភាពហើយនោះ​ ក្រុមគ្រូពេទ្យបានពិនិត្យហើយឆ្លើយថា អត់មានឈឺអីទេ រួចហើយក៏បានឲ្យថ្នាំមួយមុខប្រភេទស៊ីរ៉ូ ទៅម្តាយទារករួចប្រាប់ថា ឲ្យកូនលេបនៅម៉ោង១១ថ្ងៃម្តង និងម៉ោង៩យប់ម្តង។

ស្រ្តីដដែលបានបន្តថា ក្រោយពេលពិនិត្យ និងបានស្តាប់ការណែនាំរបស់គ្រូពេទ្យរួចហើយនោះ រូបគាត់ក៏បានច្រកថ្នាំ ដែលគ្រូពេទ្យមកនោះ ដូចបានណែនាំនៅវេលាម៉ោង១១ថ្ងៃត្រង់ទី២៣ ខែមីនា ច្រកថ្នាំម្តងក្រោយពេលផឹកថ្នាំ រួចហើយកូនង៉ា ក៏បានដេកលក់លុះបាន៦ម៉ោងក្រោយ ។ នៅពេលល្ងាចថ្ងៃដដែល ស្រ្តីជាម្តាយឃើញកូនដេកលក់ស្រួលមិនព្រមភ្ញាក់ ក៏ទៅដាស់
កូនឲ្យបោះដោះ អ្វីដែលហួសចិត្ត គឺពេលនាងស្ទាប និងលើកកូនមកបី គឺកូនង៉ាបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនដាច់ខ្យល់ស្លាប់តាំងពីពេលណាបង្កការតក់ស្លុត ដល់ស្រ្តីជាម្តាយស្រែកទ្រហ៊ោយំស្ទើសន្លប់។

ស្ត្រីរងគ្រោះ បានសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ និងក្រសួងសុខាភិបាល មេត្ដាជួយរកយុត្តិធម៌ដល់គ្រួសារនាងខ្ញុំផង និងចុះមកពិនិត្យមើលក្រុមគ្រូពេទ្យដែលគ្មានជំនាញទាំងនេះផង។ យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីប្រធានមណ្ឌលសុខភាពបាននោះទេ៕