(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានមួយចំនួនផ្សព្វផ្សាយថា ក្រុមហ៊ុនសាច់គោអូស្រ្ដាលីគ្រោង នឹងបិទទ្វានាពេលឆាប់ៗខាងមុខនោះ លោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុន SLN Meat Supply ដែលជាក្រុមហ៊ុននាំចូលគោអូស្ត្រាលី មកកាប់យកសាច់នៅកម្ពុជានោះ បានថ្លែង បដិសេធទាំងស្រុងចំពោះព័ត៌មានទាំងនេះ។
លោក ហោ ស៊ឹមលាង បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះថា «ចំពោះព័ត៌មួយចំនួន ដែលបានចុះផ្សាយថាក្រុមហ៊ុន គ្រោងនឹងបិទទ្វារនាពេលឆាប់ៗនេះ គឺជាព័ត៌មានមិនពិត។ ការពិតទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រាន់តែណែនាំ និងជួយជម្រុញឲ្យក្រុមហ៊ុន ពន្លឿនការនាំចេញសាច់គោអូស្រ្ដាលី ទៅបណ្ដាប្រទេសកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ»។
លោកថា សម្រាប់ទីផ្សារការលក់សាច់គោអូស្រ្ដាលីនៅកម្ពុជា គឺដំណើរការទៅដោយរលូន ប៉ុន្ដែដោយសារតែទីផ្សារនៅកម្ពុជាតូចពេកដូច្នេះ យើងត្រូវនាំចេញទៅបណ្ដាប្រទេសបន្ថែមទៀត។
លោកបន្ដថា ទីផ្សារកម្ពុជាមានប្រមាណតែ៥-១០ភាគរយ ប៉ុណ្ណោះ ចំណែកឯកទីផ្សារនៅក្រៅប្រទេសវិញ គឺមានរហូតដល់៩០ភាគរយ។ សព្វថ្ងៃនេះយើងបាននាំចេញសាច់គោ ទៅណ្ដាប្រទេសចំនួន២ គឺប្រទេសវៀតណាម និងប្រទេសថៃ។
លោកបញ្ជាក់ទៀតថា «សម្រាប់ប្រទេសដែលគ្រោងនឹងនាំចេញបន្ដទៀត រួមមានប្រទេសធំជាងគេគឺ ចិន ជប៉ុន និងប្រទេសនានាជាច្រើនទៀត។ ឥឡូវនេះយើងកំពុងតែរៀបចំសុំណុំបែបបទ ឯកសារនានា ដើម្បីស្នើសុំក្នុងការនាំចេញ»។
លោកថា សម្រាប់ទីផ្សារកម្ពុជាថ្វីត្បិតតូច ប៉ុន្ដែអតិថិជន នៅតែគាំទ្រសាច់គោអូស្រ្ដាលីដដែល ហើយបញ្ហាប្រឈមនោះ គឺមានតិចតួចបំផុត រីឯតម្លៃ គឺមិនមានការតម្លើងថ្លៃនោះទេ គឺសាច់គោល្អតម្លៃត្រឹមតែ៦ដុល្លារ និងសាច់ធម្មតាតម្លៃដូចទៅនឹងសាច់គោធម្មតាប៉ុណ្ណោះ។
សូមបញ្ជាក់ថាក្រុមហ៊ុន អេស អិល អិន បានបោះទុនប្រមាណ៥០លានដុល្លារ កសាងហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រផលិត
សាច់គោ (ទីសត្វឃាត) ដ៏ទំនើបជាលើកដំបូងនៅកម្ពុជា និងធំជាងគេនៅតំបន់អាស៊ាន ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ៕