(ព្រះវិហារ)៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួន បន្ទាប់ពីទទួលពាក្សបណ្តឹងថា បានចាប់រំលោភសេពសន្ថវៈ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។
លោកវរសេនីយ៍ត្រី គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ហ៊ុន យក្ស អាយុ២៧ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ចំណែកជនរងគ្រោះមានឈ្មោះ វ.ស.អ អាយុ២០ឆ្នាំ មានប្តី និងកូនម្នាក់រស់នៅក្រុងព្រះវិហារ។
លោកអធិការក្រុងបានបញ្ជាក់ថា «មុនពេលកើតហេតុជនសង្ស័យ និងប្តីជនរងគ្រោះជាមិត្តភ័ក្រគ្នា បានផឹកស៊ីនៅផ្ទះជនរងគ្រោះ ចំណែកស្ត្រីជាជនរងគ្រោះមិននៅផ្ទះទេ គឺរវល់ដកដំឡូងនៅចំការ លុះល្ងាចបន្តិចជនសង្ស័យ បានទិញទាឲ្យស្ត្រីរងគ្រោះ ធ្វើក្លែមបន្ត ហើយខ្លួនបានទៅទិញស្រាបៀមួយកេស មកផឹកបន្តនៅផ្ទះជនរងគ្រោះជុំគ្នាទៀត។ ការផឹកចេះតែបន្តរហូត ដល់យប់ជ្រៅអស់ស្រា៣កេស ដោយឡែកស្ត្រីរងគ្រោះ ត្រូវជនសង្ស័យបង្ខំឲ្យផឹកអស់កន្លះកំប៉ុងដែរ រួចក៏បានដេករៀងៗខ្លួន បុរសជាប្តីសន្លប់ស្តូកស្តឹង ដេកនៅលើផ្ទះម្ខាង ហើយស្ត្រីរងគ្រោះដេកម្ខាង ចំណែកជនសង្ស័យដេកក្រោមផ្ទះ»។
លោកថា ជនសង្ស័យដែលមានបំណងនោះ មិនបានដេកទេដោយធ្វើសួរស្ត្រីរងគ្រោះថា «មិនហៅបងដេកជាមួយទេអី» ពេលនោះស្ត្រីរងគ្រោះឆ្លើយថា «បងនិយាយឲ្យស្រួលបួលព្រោះប្តីខ្ញុំនៅហ្នឹងទេ» ដោយអស់កម្លាំងធ្វើការពីថ្ងៃ នារីរងគ្រោះបានដេកលង់លក់ទៅ ស្របពេលនោះជនសង្ស័យ បានឡើងដេកក្រោយខ្នងនារីរងគ្រោះ ដោយនារីរងគ្រោះ មិនបានចាប់អារម្មណ៍ស្មានថា ប្តីរបស់ខ្លួន ក៏បណ្តោយឲ្យជនសង្ស័យលេងសព្វរាងកាយ លុះចាប់ផ្តើមរួមរ័ក្ស នារីរងគ្រោះដឹងថា មិនមែនជារបស់ប្តីរបស់ខ្លួនក៏រុញចេញ។ លុះព្រឹកឡើងជនរងគ្រោះបានប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមច្បាប់៕