(កណ្តាល)៖ រថយន្តដឹកមាន់របស់ក្រុមហ៊ុន W.T.G វើលដ៍ ត្រេឌីងគ្រុប ត្រូវបានមន្រ្តីពេទ្យសត្វខេត្តកណ្តាល សហការជាមួយក្រុមមន្រ្តី នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា ចុះឃាត់ត្រួតពិនិត្យមើលរកឃើញមាន់ចំនួន៥០០០ក្បាល ដែលក្រុមហ៊ុនលួចបង្កប់ដាក់ ដឹកមកជាមួយមាន់ស្របច្បាប់ ដែលគេនាំចូលមកកាន់ទីផ្សារកម្ពុជា និងនាំយកទៅរក្សាទុករួចយក សំណាកមាន់៣ក្បាល ទៅពិសោធន៍ដើម្បីពិនិត្យ សុខភាពសត្វមាន់ទាំងនោះ។
ការចុះឃាត់នេះធ្វើឡើងនៅពីយប់ថ្ងៃទី២៣ ខែមីនា ស្ថិតនៅតាមបណ្តោផ្លូវលេខ៨ ស្ថិតក្នុងឃុំជន្លឹង ស្រុកមុខកំពូល ខេត្តកណ្តាល តែទើបរាប់ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ៅ សាវុធ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមានការចូលរួមពីលោក អ៊ុល ដូរិន ប្រធានការិយាល័យពេទ្យសត្វខេត្តកណ្តាល និងលោក ឆាយ សុខហួ ប្រធានសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា។
លោក អ៊ុល ដូរិន បានឲ្យដឹងថា រថយន្តដែលត្រូវឃាត់នោះ ជាប្រភេទរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-2419 អ្នកបើកមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ របស់ក្រុមហ៊ុន W.T.G វើលដ៍ ត្រេឌីងគ្រុប ដែលគ្រប់គ្រងដោយឈ្មោះ សុខ ចេង ភេទស្រី មានទីលំនៅផ្ទះលេខ២៨០អឺ១ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសិទ្ធិដឹកដឹកជញ្ជូនសត្វ និងផលិតផលមានដើម កំណើតពីសត្វ (នៅរស់)ដែលរថយន្តនោះដឹកបានត្រឹមតែ៣០០០ក្បាលនោះទេ ដោយដឹកចេញពីប្រទេសវៀតណាម ចូលមកតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង។
លោកបានបន្តថា ការចុះរថយន្តដឹកមាន់របស់ក្រុមហ៊ុន W.T.G វើលដ៍ ត្រេឌីងគ្រុបនេះ គឺដោយសារ មានការសហការ ពីលោកប្រធានសមាគមន៍ អ្នកចិញ្ចឹមមាន់នៅកម្ពុជា ដែលឃ្លាំងមើលការដឹកជញ្ជូនសត្វមាន់នោះ ពេលដឹងថា ឈ្មួញបានលួចបង្កប់ដឹកសត្វមាន់លើសចំនួន ក្នុងលិខិតអនុញ្ញាតបានរាយការណ៍ ទៅនាយកដ្ឋានសុខភាពសត្វនិង ផលិតកម្មសត្វ ចុះមកឃាត់រួចពិនិត្យទៅរកឃើញថា ក្រុមហ៊ុន បានដាក់លើសកំណត់ក្នុងលិខិតអនុញ្ញាត ឲ្យនាំមាន់ចូលមកកាន់ទីផ្សារកម្ពុជារហូតដល់ទៅ៥០០០ក្បាល។
ក្រោយមកកម្លាំង បានយកសត្វមាន់ដែលលើសនោះ យកទៅរក្សាទុកនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរង់ចាំខាងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វចេញលទ្ធផលពិសោធន៍សិនក្រែង មាន់ទាំងនោះមានជំងឺ ធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលពាន់សាច់មាន់ ហើយបើពិនិត្យទៅរកឃើញថា សត្វមាន់ទាំង៥០០០ក្បាលនេះ មានជំងឺណាមួយ មន្ដ្រីជំនាញនឹងចាត់ការវិធានការកម្ទេចចោលតែម្តង។
លោកបានបន្តថា ចំណែកឯមាន់ដែលគ្រប់ចំនួន ទៅតាមលិខិតអនុញ្ញាតឲ្យនាំចូលនោះ គឺបានអនុញ្ញាតដឹកទៅកាន់ក្រុមហ៊ុន ដោយបានធ្វើការអប់រំណែនាំ ដល់តំណាងក្រុមហ៊ុន កុំឲ្យលួចបង្កប់ដឹកលើសកំណត់បែបនេះទៀត។
មតិមហាជន បានលើកឡើងថា ក្រុមហ៊ុននេះមិនមែនទើបតែលួចដឹកបង្កប់ម្តងនេះទេ គឺគេបានធ្វើសកម្មភាពជាយូរមកហើយ ដូច្នេះកម្លាំងគួរតែចាត់វិធានការតឹងរ៉ឹងទៅលើក្រុមហ៊ុន ចំណែកឯរថយន្ត នោះគឺជារថយន្តល្មើសច្បាប់ ដូច្នេះមិនគួរអនុញ្ញាត ឲ្យដឹកបន្តទៅបានទេ ម្យ៉ាងវិញទៀត មាន់ដែលគេលួចដឹកបង្កប់ ដោយមិនមានការត្រួតពិនិត្យនោះ យើងមិនអាចកំណត់បានថា ជាទ្រង់មួយណាបានដែរ ដូច្នេះគួរតែទុកពិនិត្យសុខភាពទាំងអស់សិន នឹងអាចពិន័យឲ្យចាស់ដៃ ដើម្បីឲ្យក្រុមហ៊ុនរាងចាល បើមិនដូច្នេះទេគេនៅតែបន្តលួចដឹក លាយសត្វមាន់មិនបានពិនិត្យសុខភាពដដែល។
ពលរដ្ឋលើកឡើងបន្តថា ប្រធានច្រកម៉ឺនជ័យ ខេត្តព្រៃវែង មិនគិតពីផលប៉ះពាល់ដល់សុខ ភាពប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួលទាន់សាច់មាន់នេះ គីតតែពីប្រមូលប្រយោជន៍ដាក់ ហោប៉ៅធ្វើមានបានម្នាក់ឯង ប៉ុន្តែប្រជាពលរដ្ឋរាប់លាន់នាក់ ដែលរងគ្រោះដោយសារការឃុបឃិតគ្នា បែបនេះ ដូច្នេះក្រសួងគួរអញ្ជើញលោកប្រធានច្រករូបនេះ មកណែនាំម្តងហើយ បើនៅតែបណ្តែតបណ្តោយទៀតនោះអ្នកដែលត្រូវខាតបង់ គឺរដ្ឋ និងប្រជាពលរដ្ឋរាប់លាន់នាក់នោះ៕