(ពោធិ៍សាត់)៖ ស្ត្រីវ័យ៥៣ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចង-ក សម្លាប់ខ្លួនជាមួយអាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយ ហើយត្រូវបានគេសង្ស័យថា អាចមកពីជំពាក់លុយគេខ្លាចប្តីដឹង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មន្ដ្រីនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីដែលដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះ មាស សុផល អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវករលក់អាវជជុះ ក្នុងផ្សារពោធិ៍សាត់ មានប្តីឈ្មោះ អ៊ីត សួងមុនី អាយុ៥៤ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលខេត្ត បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ក្រោយពីហូបបាយរួច ស្ត្រីរងគ្រោះបានកាន់កាបូបដើរឆ្លេរឆ្លាចុះឡើង ហើយប្តីក៏មិនចាប់អារម្មណ៍នឹងកាយវិការបស់ប្រពន្ធនោះឡើយ ព្រោះសព្វថ្ងៃគេងផ្សេងគ្នា។ លុះព្រឹកឡើងបាត់ប្រពន្ធ ក៏ស្រែកហៅរកមើល ឃើញប្រពន្ធរបស់ខ្លួនចង-កនឹងអាវជជុះ ជាប់នឹងធ្នឹមផ្ទះបាយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
យ៉ាងណាមិញ ប្រជាពលរដ្ឋនៅជិតនោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនដែលមានទំនាស់ពាក្យសម្តី ជាមួយប្តីម្តងណាឡើយ តែស្ត្រីរងគ្រោះធ្លាប់ធ្វើមេតុងទីន និងធ្លាប់ជំពាក់លុយធនាគារជិត១ម៉ឺនដុល្លារ ចំពោះករណីចងកសម្លាប់ខ្លួននេះអាចមកពីស្ត្រីរងគ្រោះជំពាក់លុយគេ ខ្លាចប្តីដឹងផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ច និងមន្រ្តីជំនាញបានធ្វើការពិនិត្យសាកសព ហើយបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន រូចបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕