(បន្ទាយមានជ័យ)៖ ផ្ទះអតីតយុទ្ធជនកម្ពុជានៅខេត្តបន្ទាយមានជ័យ នៅសល់ជាង១០០ខ្នងទៀត ត្រូវការសាងសង់ជូនបងប្អូនអតីតយុទ្ធជន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវការចំណាយជាបន្តបន្ទាប់ ហើយសម្រាប់ឆ្នាំ២០១៧នេះ ផ្ទះចំនួន២៩ខ្នង ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានជួសជុល និងសាងសង់ រួចក៏បានប្រគល់ជូនបងប្អូនហើយដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «នៅឆ្នាំ២០១៧នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលមានស្នងការខេត្ត និងមេអាវុធហត្ថខេត្ត ក្រោមការដឹកនាំពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម បានសង់ផ្ទះជូនបងប្អូន អតីតយុទ្ធជនចំនួន២៩ខ្នង តែសម្រាប់នៅទូទាំងខេត្ត គឺនៅសល់ជាង១០០ខ្នងទៀត ដែលយើងត្រូវបន្តការជួសជុល និងសាងសង់បន្តសម្រាប់ពួកគាត់»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍បានថ្លែងថា កន្លងទៅក៏មានព័ត៌មានក្រុមការងាររបស់លោកបាន ដឹកឈើប្រណិតមកធ្វើការជួញដូរ តែតាមការពិតគឺឈើទាំងនោះ ជាប្រភេទឈើលេខ២ សម្រាប់យកមកធ្វើផ្ទះជូនអតីតយុទ្ធជនកម្ពុជា ហើយឈើទាំងនេះ ជាការផ្តល់ជូនពីនាយឧត្តមសេនីយ៍ គន់ គីម ប៉ុន្តែខាងសមាគមគ្រាន់តែផ្តល់ និងចំណាយបន្ថែមទៅលើសម្ភារផ្សេងៗទៀត។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងយ៉ាងដូច្នេះថា «កន្លងទៅមានព័ត៌មានថា ខ្ញុំដឹកឈើមកទីបញ្ជាការយោធាខេត្ត ដែលខ្ញុំសូមបញ្ជាក់ថា ឈើទាំងនេះ ជាការផ្តល់ជូនពីនាយឧត្តមសេនីយ៍ គន់ គីម ដោយមានការចំណាយពីក្រសួងសេដ្ឋកិច្ច។ ជារួម ការសាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងខ្ញុំ ទាំងនគរបាល ទាំងអាវុធហត្ថ ព្រមទាំងមន្ទីរសង្គមកិច្ច ជាសេនាធិការផ្ទាល់ គឺឈើនេះថា្នក់លើផ្តល់ជូន តែការសាងសង់ និងការទិញសម្ភារតិចតួច គឺក្នុងនាមជាសមាគមអតីតយុទ្ធជនខេត្ត ដែលអភិបាលខេត្តជាប្រធានកិត្តិយស ជាអ្នកចេញនូវការសាងសង់នេះ។ ដូច្នេះសូមឲ្យជ្រាបទាំងអស់ថា ឈើទាំងនេះមិនមានការទិញដូរនោះទេ ជាការសាងសង់ផ្ទះជូនអតីតយុទ្ធជន»។
សម្រាប់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា នាពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំប្រគល់ជូនបងប្អូនដើម្បីទទួលបានការស្នាក់នៅផងដែរ៕