(ស្ទឹងត្រែង)៖ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ នឹងចូលជាអធិបតីភាពប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ជាផ្លូវការ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះទៅ នៅមុខសាលាខេត្តស្ទឹងត្រែង។

ព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមីនា ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»

នៅថ្ងៃទី២៥នេះផងដែរ ក៏មានកម្មវិធីកីឡាប្រណាំងកង់ នៅមាត់ទន្លេសេកុង ការប្រកួតកីឡាបាល់ទះកម្ពុជា-ឡាវ ការតាំង​ពិព័រណ៍កសិ-ទេសចរណ៍ និងផលិតផលខ្មែរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រណាំងទូកកានូ ប្រដាល់គុនបុរាណខ្មែរ គុនល្បុក្កតោ ចំបាប់បុរាណ ល្បែងប្រជាប្រិយទាញព្រ័ត្រ ការសម្ដែងសិល្បវប្បធម៌ ការប្រគំតន្រ្តី និងបាញ់កាំជ្រូចអបអរសាទរពិធីបុណ្យទន្លេ រហូតដល់១១យប់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នៅថ្ងៃដំបូង នៃពិធីបុណ្យទន្លេលើកទី៣នេះ មានភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ បានចូលរួមទស្សនាកម្សាន្ត ជាង៣ម៉ឺននាក់៕