(កំពង់ស្ពឺ)៖ ជម្លោះនៅក្នុងរោងការ ពេលផឹកស៉ីស្រវឹងហើយរាំរែក លទ្ធផលចុងក្រោយបណ្ដាលឲ្យទាហានម្នាក់ដែលជា សិក្ខាកាមនៅសាលារថក្រោះ បាត់បង់ជីវិត ដោយសារតែភាគីម្ខាងទៀត ដែលគេមិនដឹងអត្តសញ្ញាណច្បាស់លាស់ កាប់សំលាប់ទំលាក់ទឹកប្រឡាយ រហូតដល់ព្រឹកទើបគេរាវរកសាកសពឃើញ។
ករណីតាមកាប់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចទំនប់សំរោងបាក់ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសាកសពជនរងគ្រោះ គេទើបនឹងរកឃើញនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយសារក្រុមឃាតកកាប់សំលាប់ហើយ ទម្លាក់សពទៅក្នុងទឹក។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនដៃ ដល់សម្លាប់ឈ្មោះ មុំ សារី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ជាមន្ត្រីយោធាមករៀន នៅសាលាហ្វឹកហ្វឺនកងរថគ្រោះ៨៦។
តាមប្រភពពីមិត្តភក្ដិបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ១គ្រឿងជាមួយនឹងមិត្តភក្តិ រៀននៅសាលាហ្វឹកហ្វឺនជាមួយគ្នា២នាក់ផ្សេងទៀត មានឈ្មោះ ឡាញ់ ពិនថុនា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះឆាយ សុខរី ភេទប្រុស អាយុ២៧ឆ្នាំ។ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ២គ្រឿង បានហៅឲ្យជនរងគ្រោះឈ្មោះ មុំ សារី និងអ្នករួមដំណើរ២នាក់ខាងក្រោយឈប់ ហើយជនសង្ស័យបានកាប់ និងវាយទៅលើជនរងគ្រោះតែម្តង។ ភ្លាមៗនោះឈ្មោះ ឆាយ សុខរី និង ឈ្មោះ ឡាញ់ ពិនថុនា បាននាំគ្នារត់ចូលទៅក្នុងអង្គភាព នៃសាលាហ្វឹកហ្វឺនកងរថគ្រោះ៨៦រួចខ្លួន នៅពេលដែលក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូចេញពីកន្លែង កើតហេតុបាត់អស់ទៅ។
ភ្លាមៗនោះដែរ សិក្ខាកាមនៅក្នុងសាលាបាននាំគ្នា មករកជនរងគ្រោះពេញមួយយប់ តែរកមិនឃើញ។ លុះព្រឹកថ្ងៃទី២៥ ខែមីនា ក៏នាំគ្នាចុះរាវនៅក្នុងទឹកទើបប្រទះឃើញសពជនរងគ្រោះ មុំ សារី នៅចំណុចទំនប់សំរោងតែម្តង។
ដោយឡែកយោងតាមសមត្ថកិច្ច នៅខេត្តកំពង់ស្ពឺបានអះអាងថា ករណីនេះ គឺផ្ដើមចេញពីជម្លោះនៅក្នុងរោងការ ដោយនៅក្នុងភូមិមានរៀបការ ហើយម្ចាស់ដើមការ បានអញ្ចើញភ្ញៀវទៅចូលរួម ដោយមានទាំងភាគីជនរងគ្រោះមួយក្រុមផងដែរ។
លុះពេលហូបការមានផឹកស៉ី រាំរែកផង ក៏មានប៉ះពាក្យសំដីគ្នារវាងភ្ញៀវជាទាហានមួយក្រុម (ភាគីរងគ្រោះ) និងភ្ញៀវជាអ្នកភូមិក៏កើតទៅជាជម្លោះដេញវាយតប់គ្នាពេញរោងការ និងពេញភូមិរហូតដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៏ ទើបមានសភាពស្ងប់ស្ងាត់ឡើងវិញ ហើយក៏បែកផ្លូវគ្នាអស់ទៅ។
ក្រោយមកទើបមានព័ត៌មានចេញពីខាង សាលារថក្រោះមកថា ខាងគេបាត់ម្នាក់ ហើយក៏មានការដើររកផងដែរ តែរកមិនឃើញក៏បែកផ្លូវគ្នាចូលដេកអស់ទៅ។ លុះព្រឹកឡើងទើបនាំគ្នាដើររកបន្ត ហើយដោយមានការសង្ស័យ ក៏នាំគ្នាចុះរាវរកនៅក្នុងប្រឡាយទឹក ក៏ឃើញសាកសពជនរងគ្រោះតែម្ដងទៅ។
ចំណែកសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ រកជនដៃដល់ផងដែរ តែនៅពេលកើតហេតុមានមនុស្សច្រើន មិនដឹង
អ្នកណាជាអ្នកណានោះទេ ព្រោះមានទាំងភ្ញៀវអ្នកស្រុក និងភ្ញៀវអ្នកមកពីចម្ងាយច្រើន៕