(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តឥន្ធសាល (ហៅវត្តពោនពិសី) ស្ថិតនៅក្នុងភូមិពោន ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លែងក្នុងពិធីនោះលោក វង សូត បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសជាតិ មានការ រីកចម្រើន គ្រប់វិស័យទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហើយថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាត ដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអ៊ឹម (ATM) ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ (អតីតមន្រ្តីរាជការស៊ីវិល) និងអតីតយុទ្ធជននៅគ្រប់រាជធានី-ខេត្ត។

រដ្ឋមន្រ្តី វង សូត បានបន្តទៀតថា សមិទ្ធផលផ្នែកពុទ្ធិចក្ររីកចម្រើន ស្ទើរទូទាំងប្រទេស ជាក់ស្តែងសមិទ្ធផលនានាក្នុងវត្ត ឥន្ធសាលនេះ ហើយសមិទ្ធផលទាំងនេះកើតឡើង ទៅបានដោយសារការចូលរួម របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រុមការងារ ចុះជួយមូលដ្ឋាន និងសប្បុរសជននានា។

លោកក៏បានលើកឡើងផងដែរ ពីប្រជាធិបតេយ្យនៅកម្ពុជា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះ ឆ្នោត ជ្រើសរើសតំណាងរាស្ត្រ គឺមានការចូលរួមពីគណបក្សនយោបាយនានា ក្នុងនោះលោកសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

បន្ទាប់ពីមតិសំណេះសំណាលបានបញ្ចប់លោក វង សូត ក៏បានបំពាក់គ្រឿងឥស្សរិយយសប្រគេនដល់ព្រះសង្ឃ សប្បុរសជន និងក្រុមការងារចុះជួយឃុំជាច ដែលបានចូលរួមបរិច្ចាគ ថវិកា និងសម្ភារក្នុងការកសាង សាលាពុទ្ធិក បឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តឥន្ធសាល ឱ្យសម្រេចបានលទ្ធផលជារូបរាងឡើងនាថ្ងៃនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី វង សូត បានប្រគេនបច្ច័យបុណ្យ ចំនួន១០លានរៀល ដល់វត្តឥន្ធសាល (ហៅវត្តពោនពិសី) និងបច្ច័យចំនួន៥លានរៀល សម្រាប់កសាងព្រះវិហារវត្តដូនដោក បច្ច័យបុណ្យចូលឆ្នាំថ្មី ចំនួន៦វត្តក្នុង១វត្ត ៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកា ដល់សិស្សានុសិស្ស ចំនួន៦៦០នាក់ ម្នាក់ៗសៀវភៅ១ក្បាល ប៊ិច១ដើមថវិកា ៥ពាន់រៀល ដូនជី តាជី ចំនួន១០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងឧបត្ថម្ភ ក្រុមល្ខោនបាសាក់សម្តែង៣យប់ ចំនួន៨លានរៀល ផងដែរ៕