(បន្ទាយមានជ័យ)៖ បន្ទាប់ពីមានសេចក្តីជូនដំណឹង ពីអគ្គនាយកដ្ឋានកាំកុងត្រូល ស្តីពីផលិតមួយចំនួនដែលក្រុមហ៊ុនអាមេរិកប្រកាសថា មានចម្លងបាត់តេរី រហូតប្រមូលដកហូតពីតាមទីផ្សារនោះ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះទៅស្រាវជ្រាវ និងស្វែងរកផលិតផលទាំងនេះ ដែលមានការប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះ និងកុមារ នៅតាមផ្សារ និងតាមម៉ាតក្នុងក្រុងប៉ោយប៉ែត។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាឲ្យចុះធ្វើការងារនេះ លោកបានដឹកនាំមន្រ្តីជំនាញចុះទៅតាមផ្សារ ដែលអាជីវករកំពុងលក់ដូរ និងនៅម៉ាត «ទាណាំហាក់ និងស៊ីវ សុជាតិតា» ព្រមទាំងចុះរកសារធាតុគីមី នៅក្នុងចំណីអាហារស្ថិតនៅផ្សារសមាគន៍ ក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែរកមិនឃើញផលិតផលទាំងនោះទេ។
តែយ៉ាងណាក៏ដោយលោកថា នៅពេលចុះត្រួតពិនិត្យនោះ មន្រ្តីរបស់លោក បានរកឃើញឡេលាយគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន២៥កំប៉ុងជ័រ ផងដែរ ហើយបានដកហូតទុកដើម្បីបំផ្លាញចោល។ ជាមួយគ្នានេះលោក ហុង លៀង បានអំពាវនាវដល់ក្រុមអាជីវករមេត្តាពិនិត្យឲ្យបានត្រឹមត្រូវចំពោះផលិត ដូចដែលខាងអគ្គនាយកដ្ឋានកាំកុងត្រូលបានជូនដំណឹងយ៉ាងដូច្នេះ មិនត្រូវនាំចូល និងយកមកលក់នៅលើទីផ្សារនោះទេ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie's Club brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីរដ្ឋបាលឱសថ និងម្ហូបអាហាររួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន The Soynut Butter Co បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែរកឃើញនូវប្រភព នៃការពុលម្ហូបអាហារបណ្តាល មកពីការកទទួលទាន ផលិតម្ហូបអាហារខាងលើ ដែលសង្ស័យមានចម្លងចូលបាក់តេរី E.coli 0157;H7។
យោងបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា «បាត់តេរីនេះផលិតសារធាតុពុល (Shiga toxins) ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស (ជនងាយរងគ្រោះ គឺស្រ្តីមានផ្ទៃពោះ និងកុមារ) ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យបាត់បង់ជីវិត»។
អគ្គនាយកដ្ឋានកាំកុងត្រូវ បាននិងកំពុងចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរណ៍លើទីផ្សារ និងត្រួតពពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី បើមានការដាក់តាំងលក់។
ជាមួយគ្នានេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋ អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញលេខទូរស័ព្ទ សាខាកាំកុងត្រូលរាជធានី-ខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មាន នៅពេលជួនប្រទះផលិតផលទាំងនេះ៕