(ភ្នំពេញ)៖ សាក្សីដ៏សំខាន់ម្នាក់ ដែលតំណាងលោកឧកញ៉ា សុខ ហេង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយបំភ្លឺនូវការពិតបង្ហាញ ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងមហាជនឲ្យបានដឹង ជាសាធារណៈដោយអះអាងថា លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានរងគ្រោះ និងប៉ះពាល់កិត្តិយសធ្ងន់ធ្ងរ បំផុតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដោយសារការចោទប្រកាន់លាបពណ៌ មួលបង្កាច់ បំផ្លៃការពិត ពីសំណាក់លោក ស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបក្ខពួករបស់គាត់ ដែលមានបំណងរៀបចំឯកសារទិញលក់ ដីជាន់លើដីស្របច្បាប់របស់ លោកឧកញ៉ា សុខ ហេង ហើយថែមចោទ លោកអភិបាលខណ្ឌព្រែកព្នៅថា បានដកគាត់ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទៀត។
លើសពីនេះទៀត ដោយសារតែខឹងគាត់ (ចៅសង្កាត់) មិនទទួលយកលុយសំណូក២ម៉ឺនដុល្លារ ក្នុងការឃុតឃិតគ្នាចុះហត្ថលេខា លក់ដីទំនាស់មួយកន្លែង ដែលមានទំហំប្រមាណជាង១០០ហិកតារួចមក។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ លោក នុត រស្មី តំណាងលោកឧកញ៉ា សុខ ហេង ដែលជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ច្រើនរយហិកតា នៅសង្កាត់ពន្សាំង បានបំភ្លឺនូវរឿងរ៉ាវពិតនាល្ងាចថ្ងៃទី២៤ ខែមីនាថា ដើមឡើយលោកឧកញ៉ា សុខ ហេង បានទិញដីពីប្រជាពលរដ្ឋដោយផ្ទាល់ រាប់រយគ្រួសារ នៅភូមិចំនួន៧ ក្នុងសង្កាត់ពន្សាំង កាលពីឆ្នាំ២០១៣ តាំងពីនៅខណ្ឌពោធិសែនជ័យមកម៉្លេះ។ ការទិញដីនេះ ធ្វើឡើងដោយស្របច្បាប់ ដោយមានវត្តមាន លោកស្រីចៅសង្កាត់ពន្សាំងផ្លាល់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងម្ចាស់ដី ដោយមានហត្ថលេខាចុះលេខ បោះត្រា ដោយសង្កាត់ត្រឹមត្រូវ ផ្អែកលើឯកសារកិត្តិយុត្តិ។
លោក នុត រស្មី បន្តថា ការទិញដីពីប្រជាពលរដ្ឋ គឺមានឯកសារផ្តិតមេដៃ និងប្រគល់លុយដោយមានថតរូបជាក់ស្តែងម្នាក់ៗ (រូបថត និងឯកសារជាច្រើន) លើផ្ទៃដីសរុបទាំង៧ភូមិ ប្រមាណ២៥៧ហិកតា។ ក្រោយមកបែរជាលោកស្រី ឌី សារៀម ចោទលោកឧកញ៉ា សុខ ហេង ថា«ក្លែងហត្ថលេខា និងត្រា» លើឯកសារទិញលក់ដី ហើយប្តឹងទៅក្រសួងមហាផ្ទៃ។
លោក នុត រស្មី បន្តទៀតថា បន្ទាប់មកលោកឧកញ៉ា សុខ ហេង បានស្នើសុំទៅក្រសួងមហាផ្ទៃ ឱ្យធ្វើកោសល្យវិច្ច័យលើហត្ថលេខា និងត្រា លើឯកសារទិញលក់ដីទាំងអស់។ ជាលទ្ធផលបង្ហាញថា «គឺពិតជាហត្ថលេខា និងត្រារបស់លោកស្រី ឌី សារៀម» ទាំងអស់ពិតមែន។
ពាក់ព័ន្ធករណីលុយ២ម៉ឺនដុល្លារ ដែលលោកឧកញ៉ា សុខ ហេង ប្រគល់ជូនលោកស្រី ឌី សារៀម តាមរយៈលោក សុខ សម្បត្តិ គឺតាមការស្នើសុំរបស់លោកស្រីចៅសង្កាត់ ដើម្បីអភិវឌ្ឍន៍ ក្នុងសង្កាត់ប៉ុណ្ណោះ។ លុយនោះមិនពាក់ព័ន្ធនឹងការសូកប៉ាន់ ដូចការចោទប្រកាន់របស់ លោកស្រីចៅសង្កាត់នោះឡើយ ដោយលោកឧកញ៉ា សុខ ហេង បានជូនទៅលោកស្រីចៅសង្កាត់ពន្សាំង ដោយសុច្ចចិត្តដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ព្រោះសង្កាត់កំពុងជួបការខ្វះខាត។
ដោយសារដីនោះលោកឧកញ៉ា សុខ ហេង បានទិញពីប្រជាពលរដ្ឋត្រឹមត្រូវស្របច្បាប់ ដោយដាក់ឈ្មោះលោក ស្រី ហ៊ុន សេងនី ត្រូវជាម្ដាយធម៌ ជាម្ចាស់ដីមានសិទ្ធិកាន់កាប់ ដីនិងផ្ទះ ត្រឹមសង្កាត់ចំនួន៤ ដែលមានដីទំហំ៩៨ ហិតតា។
លោក នុត រស្មី ហ៊ានអះអាងចំពោះមុខច្បាប់ថា ទាក់ទិន លិខិតផ្ទេរសិទ្ធិកាន់កាបដី និងផ្ទះស្របច្បាប់នោះ ត្រូវបានលោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង បានធ្វើការបដិសេធថា ឯកសារនោះមិនត្រឹមត្រូវទៅវិញ ទោះបីជាខាងក្រសួងមហាផ្ទៃ បានធ្វើកោសល្យវិច្ច័យរួចរាល់ ដោយបញ្ជាក់យ៉ាងច្បាស់ថា លិខិតដែលលោកស្រីចៅសង្កាត់ពន្សាំង បដិសេធជាលិខិតត្រឹមត្រូវ យ៉ាងណាក៏ដោយ។
ដោយឡែកលោកស្រី ហ៊ុន សេងនី ក៏បានធ្វើលិខិតមកអាជ្ញាធរពាក់ពន្ធ័ដោយបដិសេធ មិនទទួលស្គាល់ លិខិតរបស់លោកស្រីចៅសង្កាត់នោះឡើយ ព្រោះតែគ្មានទំនួលខុសត្រូវ និងជាចេតនារបស់សង្កាត់តែម្ដង។
លោកតំណាង ឧកញ៉ា សុខ ហេង បានបន្ថែមទៀតថា ឯកសារ ទិញលក់ ឯកសារទទួលប្រាក់ និងឯកសារធ្វើកោសល្យវិច្ច័យ លើហត្ថលេខាលោកស្រីចៅសង្កាត់ មានជាភស្តុតាងក្នុងដៃស្រាប់ នឹងត្រៀមបង្ហាញជាសាធារណៈ បើករណីចាំបាច់៕
លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង
រូបថតឯកសារថតពេលចុះទិញ លក់ដី ប្រគល់លុយ រវាងភាគីឧកញ៉ាសុខ ហេង និងប្រជាជនជាម្ចាស់ដីនៅសង្កាត់ពន្សាំងនាពេលកន្លងមក