(ភ្នំពេញ)៖ សំណើសុំដាក់បេក្ខជន លោក ជា វណ្ណដេត តំណាងរាស្រ្តបំរុងនៅខេត្តតាកែវ ធ្វើជាតំណាងរាស្រ្តជំនួសសម្តេចវិបុលបញ្ញា សុខ អាន ពេលនេះ បានចូលដល់រដ្ឋសភាហើយ។ នេះបើតាមការឱ្យដឹងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា។
លោក ឡេង ប៉េងឡុង បានឱ្យដឹងថា រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅដើមខែក្រោយនេះ ដើម្បីទទួលស្គាល់ លោក ជា វណ្ណដេត ហើយក៏គ្រោងនឹងប្រកាសសុពលភាពក្នុងកិច្ចប្រជុំពេញអង្គ នៅខែក្រោយនេះដែរ។ បន្ទាប់ពីនោះ លោក ជា វណ្ណដេត នឹងក្លាយជាតំណាងរាស្រ្តជំនួសសម្តេច សុខ អាន។
នាថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានដាក់សំណើទៅគ.ជ.ប ដើម្បីពិនិត្យ និងទទួលស្គាល់ បេក្ខជន លោក ជា វណ្ណដេត ជាតំណាងរាស្រ្តជំនួសសម្តេច សុខ អាន។ ជាមួយគ្នានេះ បន្ទាប់ពីទទួលស្គាល់ គ.ជ.ប ក៏បញ្ជូនសំណើនេះ ទៅកាន់រដ្ឋសភាតែម្តង។
សូមបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានទទួលមរណភាព កាលពីវេលាម៉ោង ០៦៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕