(ស្ទឹងត្រែង)៖ បើកទំព័របុណ្យទន្លេលើកទី៣ ថ្ងៃដំបូង មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាកម្សាន្ត ប្រមាណពី ២ម៉ឺនទៅ៣ម៉ឺននាក់ អមដោយស្ដង់លក់ផលិតផល និងកម្មវិធីកម្សាន្តជាច្រើន នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់អង្គភាព Frewh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ។

លោករដ្ឋលេខាធិការបានឲ្យដឹងថា «ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលរួមទស្សនាច្រើនកុះករ ប្រមាណពី ២ម៉ឺននាក់ទៅ៣ម៉ឺននាក់ ដែលភ្ញៀវខ្លះមកពីរាជធានី-ខេត្តក្នុងប្រទេស ខ្លះមកពីប្រទេសឡាវ ថៃ វៀតណាមជាដើម»

លោកបន្តថា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេថ្ងៃម្សិលមិញ មានស្ដង់លក់ផលិតផលចំនួន ៦០០ស្ដង់ របស់អាជីករខ្មែរ ឡាវ ថៃ វៀតណាម រួមជាមួយកម្មវិធីកីឡា សិល្បៈ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ដែលត្រូវបានរៀបចំដោយក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀត។

សូមជម្រាបថា ព្រឹត្តិការណ៍ទេសចរណ៍ បុណ្យទន្លេលើកទី៣ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា លើទឹកដីខេត្តស្ទឹងត្រែង ភាគឦសានប្រទេស៕