(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្តីសម្រេចបង្កើតក្រុមការងារ សិក្សាស្រាវជ្រាវ និងលើកវិធានការបញ្ចៀស សំណល់សារធាតុ Tricyclazole នៅក្នុងស្រូវអង្ករ បន្ទាប់ពីមានក្តីបារម្ភយ៉ាងខ្លាំង ក្នុងពាណិជ្ជកម្ម នាំចេញអង្ករ ដោយសារតែសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំរបស់កម្ពុជា បានសម្រេចហាមឃាត់ការនាំចូលអង្ករ ដែលជាប់សារធាតុ TRICYCLAZOLE។
ការបង្កើតក្រុមការងារនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវ របស់សហព័ន្ធស្រូវកម្ពុជា ដោយសូមឲ្យធ្វើការងាររួមគ្នា ដើម្បីកាត់បន្ថយ និងលុបបំបាត់ ការប្រើប្រាស់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល ដែលជាប្រភេទគីមីសកម្ម សម្រាប់កម្ចាត់ជម្ងឺផ្សិតពិសេស ជម្ងឺប្លាស់លើដំណាំស្រូវ និងលើដំណាំដទៃទៀត ដែលត្រូវបានសហភាពអឺរ៉ុប ដាក់មកនៅត្រឹម០.០១មីលីក្រាម ដែលស្ទើរតែគ្មានសោះ ក្នុងអង្ករ ខណៈការកម្រិតពីមុន គឺ១មីលីក្រាមក្នុងមួយគីឡូក្រាម។
សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់ រាល់ការនាំចូលអង្ករ ដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមាន កម្រិតលើស០.០១មីលីក្រាម ចាប់ពីដើមខែកក្កដា ឆ្នាំ២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំ មានប្រសិទ្ធភាពបំផុតក្នុងការ សម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ៕