(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ដោយខាងក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖
១៖ ប៉ូលិសអង់គ្លេសបានកំណត់អត្តសញ្ញាណ ជនដែលបានវាយប្រហារស្លាប់មនុស្ស០៥នាក់ នៅឯខាងក្រៅបរិវេណសភាអង់គ្លេសក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃពុធសប្តាហ៍ថារូបគេគឺជាពលរដ្ឋអង់គ្លេសមានឈ្មោះថា Khalid Masood អាយុ៥២ឆ្នាំ ខណៈក្រុម ISIS បានចេញមុខអះអាងថាជាអ្នករៀបចំគំរោងវាយប្រហារដ៏អាក្រក់នេះ។
២៖ រដ្ឋាភិបាលកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះអង់គ្លេស និងអះអាងថាទីក្រុងព្យុងយ៉ាងប្រឆាំងចំពោះអំពើភេរវកម្មគ្រប់ទម្រង់។
៣៖ អ៊ីតាលីរឹងបន្តឹងសន្តិសុខយ៉ាងរឹងមាំ ស្របពេលដែលមេដឹកនាំសហភាពអឺរ៉ុបចំនួន២៧រូប នឹងចូលរួមកិច្ចប្រជុំមួយនាថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងទីក្រុងរ៉ូម សម្រាប់គម្រប់ខួបទី៦០នៃសន្ធិសញ្ញាទីក្រុងរ៉ូម។
៤៖ ពលរដ្ឋអង់គ្លេសរួមគ្នាកាន់ទុក្ខជនរងគ្រោះដែលបានបាត់ជីវិតក្នុងការវាយប្រហារដ៏រន្ធត់ឯកណ្តាលបេះដូងទីក្រុងឡុងដ៍។
៥៖ ដោយសារតែបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ដ៏អាក្រក់នៅតែកំពុងបន្តវាយប្រហារប្រទេសប៉េរូ និងមកទល់ពេលនេះបានឆក់យកជីវិតមនុស្សសរុបចំនួន៧៩នាក់ ហើយ២៦៧នាក់ផ្សេងទៀតបានទទួលរងរបួស រួមជាមួយមនុស្សដល់ទៅ១០៣,៨០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេទៅកាន់ទីទួលមានសុវត្ថិភាព។
៦៖ វៀតណាម សម្រេចផ្អាកនាំចូលសាច់សត្វរាប់ពាន់តោនពីប្រេស៊ីលដោយសារតែបញ្ហាអនាម័យធ្ងន់ធ្ងរ។
៧៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ទទួលបានសារគំរាម បន្ទាប់ពីហ៊ានជំទាស់នឹងបទបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ៕