(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ជូ សំអាន ដែលមួយរយៈពេលចុងក្រោយនេះ បានរងនូវការប្តឹងផ្តល់យ៉ាងខ្លាំង ពីសំណាក់មន្រ្តីនគរបាលក្រោមឱវាទរបស់ខ្លួន តាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍ រហូតដល់ស្នងការរងសំខាន់ៗចំនួន៥រូប ចំពោះភាពមិនប្រក្រតីលើការ ដឹកនាំនោះ នៅពេលនេះ ត្រូវបានថ្នាក់លើសម្រេចដកហូតតំណែងហើយ។
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកំពង់ធំ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះថា សម្រាប់តួនាទីស្នងការខេត្តថ្មី ត្រូវបានថ្នាក់លើប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលពីមុនក៏ជាអតីតស្នងការរង នគរបាលខេត្តកំពង់ធំ ទទួលផែនព្រហ្មទណ្ឌផងដែរ។
បើតាមមន្រ្តីនគរបាលដដែលនេះ ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចស្នងការខេត្តថ្មី នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ធំលោក សុខ លូ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ជូន សំអាន មួយរយៈចុងក្រោយនេះត្រូវបានកូនចៅតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍ រហូតដល់ស្នងការរងនគរបាលចំនួន៥រូប បានប្តឹងដោយស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការផ្លាស់ប្តូរចេញ ដោយសារតែការដឹកនាំពោពេញទៅដោយ បក្ខពួកនិយម ពុករលួយ និងមិនទទួលខុសត្រូវរួមនៅក្នុងអង្គភាពតែម្តង។
លោកឧត្តមសេនីយ៍ស្នងការរូបនេះ ក៏ធ្លាប់បានធ្វើរបាយការណ៍ភូត អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន គឺយករថយន្តមួយគ្រឿងម៉ាក Highlander ដែលដឹកឈើក្រញូងទៅលក់ឲ្យឈ្មួញវិញ តម្លៃខ្ទង់ម៉ឺនដុល្លារ ខុសពីខ្លឹមសារដែលលោកបានស្នើសុំទៅថ្នាក់លើថា «យកមកបម្រើក្នុងអង្គភាព»។
បើតាមពាក្យបណ្តឹងរបស់កូនចៅ បានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬគោលការណ៍ច្បាស់លាស់ ពុំដែលប្រជុំគណៈស្នងការ ក៏ដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។
ពាក្យបណ្ដឹងនេះ បានលើកឡើងថា លោកស្នងការ បានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរងប៉ុស្តិ៍ និងនាយការិយាល័យពី៥០០ទៅ៣០០០ដុល្លារ ពីនាយ នាយរងផ្នែក និងអធិការដ្ឋាន ពី៥០០ទៅ១,០០០ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន៕
លោកឧត្តមសេនីយ៍ទោ ជូ សំអាន
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល