(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបដិសេធថា ឈ្មោះ «នេត ណាត» ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ ហើយធ្វើលិខិតចំហរទាមទារឱ្យ លោក កឹម សុខា ចុះចេញពីតំណែងនោះ មិនមែនជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិឡើយ។ លោក នេត ណាត គ្រាន់តែសមាជិកក្រុមការងាររបស់គណបក្សសង្គ្រោះជាតិនៅខេត្តកណ្តាលតែប៉ុណ្ណោះ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ លោក យ៉ែម បុញ្ញឫទ្ធិ បានចាត់ទុកថា លិខិតចំហររបស់ លោក នេត ណាត ដែលថាខ្លួនឯងជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិនោះ។
ទោះជាបែបនេះក្តី បណ្តាញសារព័ត៌មាន Fresh News មិនទាន់អាចទាក់ទង លោក នេត ណាត បាននៅឡើយទេ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក នេត ណាត ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មាធិការនាយករបស់ គណបក្សសង្រ្គោះជាតិ បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់លក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យ លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងកើតចេញពីការបោះឆ្នោតនៅក្នុងសមាជខុសច្បាប់នោះ លាលែងពីតំណែង។
នៅក្នុងលិខិតរបស់លិខិចំហររបស់លោក នេត ណាត បានសរសេរបញ្ជាក់ថា «លក្ខន្តិកៈរបស់គណបក្ស គឺជាច្បាប់ កំពូលរបស់គណបក្ស ដែលទាំងអស់គ្នាត្រូវតែគោរព និងត្រូវអនុវត្តតាមយ៉ាងម៉ឺងម៉ាត់បំផុត។ គ្រប់គ្នាបានដឹងច្បាស់ថា ការរៀបចំសមាជវិសាមញ្ញដើម្បីជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ កន្លងទៅ គឺធ្វើឡើងយ៉ាងតក់ក្រហល់ និងពុំមានការគាំទ្រពីសមាជិក-សមាជិកាភាគច្រើនរបស់គណបក្សសង្រ្គោះជាតិនោះទេ ពិសេសមកពីកូតាគណបក្ស សម រង្ស៊ី»។
លិខិតចំហររបស់ លោក នេត ណាត បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានធ្វើលិខិតមួយ បញ្ជាក់ប្រាប់គណបក្សសង្រ្គោះជាតិថា សមាជរបស់គណបក្សនេះ ដែលបានធ្វើកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនោះ គឺខុសទៅនឹងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកជាច្បាប់នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានបង្គាប់ឱ្យគណបក្សប្រឆាំង ផ្លាស់ប្តូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ ដោយបញ្ជាក់ថា សារនយោបាយនេះ គឺផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ របស់កម្ពុជា៕