(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាប និងឆែកឆេរទីតាំង ថតចម្លងរឿងភាគថៃ និងរឿងផ្សេងៗទៀត រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដើម«black spider» ដែលខុសទៅនឹងច្បាប់ស្តី ពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រការប្រកួតប្រជែងមិនស្មោះត្រង់, សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចំនួន០៣បន្ទប់ ស្ថិតនៅផ្លូវលេខ២១៨ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះប្រតិបត្តិការឆែកឆែរទីតាំងខាងលើនេះដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យកម្មសិទ្ធិបញ្ញា ក្រោមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ពេលចុះប្រតិបត្តិការនោះ កម្លាំងបានរកឃើញ និងដកហូតម៉ាស៊ីនរ៉ាយចំនួន១២គ្រឿង, VCD ជាងមួយពាន់សន្លឹក ដែលម្ចាស់ទីតាំងបាន និងកំពុងធ្វើសកម្មភាព ថតចម្លងជាក់ស្តែង នូវរឿងភាគថៃ និងរឿងផ្សេងៗទៀត ដែលរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន black spider ខុសទៅនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រការប្រកួត ប្រជែងមិនស្មោះត្រង់, សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
រាល់វត្ថុតាងដកហូតត្រូវបានលោក ខាំ សុផារី ឲ្យយកមករក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច រីឯជនសង្ស័យឈ្មោះ ហែន ពិភព ភេទប្រុស អាយុ៣៤ឆ្នាំ នាំមកសាកសួរបំភ្លឺ បន្តតាមនីតិវិធី៕