(ភ្នំពេញ)៖ ក្រុមហ៊ុន អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន ដែលត្រូវបានគេដឹងសង្ស័យថា មានខ្នងមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់ បានធ្វើសកម្មភាព យកគ្រឿងចក្រឈូសឆាយរំលោភលើដីធ្លីប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅចំណុចទំនប់៩៤-៩៦ ស្ថិតនៅភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះជាម្ចាស់ដី បានស្វែងរកអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់។
ការរំលោភលើដីធ្លីប្រជាពលរដ្ឋ គឺដោយភាគីខាងក្រុមហ៊ុន មិនខ្លាចញញើត និងច្បាប់បន្តិចឡើយ បើទោះបីជាតុលាការខេត្តកណ្តាល បានចេញដីកា រក្សាការពារហាមមិនឲ្យក្រុមហ៊ុនធ្វើការឈូសឆាយ ធ្វើរបងធ្វើផ្ទះសាងសង់សំណង់រឹង និងធ្វើសកម្មភាពផ្សេងៗ លើដីប្រជាពលរដ្ឋនោះទេ។ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានអាជ្ញាធរដែលពាក់ព័ន្ធ ចុះទៅធ្វើការទប់ស្កាត់ក្រុមហ៊ុនឲ្យបញ្ឈប់សកម្មភាពនៅឡើយទេ។
ប្រជាពលរដ្ឋម្ចាស់ដី បានប្តឹងទៅអាជ្ញាធរពាក់ព័ន្ធដូចជា អភិបាលស្រុកកណ្តាលស្ទឹង និងអធិការស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ស្នើសុំអន្តរាគមន៍ និងទប់ស្កាត់ក្រុមហ៊ុន អូរៀលថល បារីស អ៊ិនវេសម៉ិន ដែលបានបំពានលើដីកាសម្រេចរក្សាការពារចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយបានធ្វើការរុករាន និងធ្វើការឈូសឆាយចូលដី ដែលជាកម្មសិទ្ធិ នៃដីកាសម្រេចរក្សាការពារ។
ប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា ពួកគាត់មានឯកសារត្រឹមត្រូវ និងមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរពាក់ព័ន្ធដូចជា មេភូមិព្រៃរយោង និងមេស្វាយព្រៃ មេឃុំកណ្តោក និងអភិបាលស្រុកកណ្តាលស្ទឹង ដោយមានការចុះហត្ថលេខា និងប្រថាប់ត្រាត្រឹមត្រូវតាមច្បាប់។ ហើយពួកគាត់បានកាន់កាប់ដីមានលក្ខណៈជាប់លាប់ជាអអចិន្ត្រៃយ៍ កាន់កាប់ដោយចំហរ មានការដឹងឮពីអាជ្ញាធរ។ ស្រាប់តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានយកគ្រឿងចក្រចំនួន៣គ្រឿង មកឈូសឆាយលើដីរបស់ពួកគាត់ និងនៅពេលថ្មីៗ ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ក្រុមហ៊ុនបានយកគ្រឿងចក្រមកឈូសឆាយលើដីប្រជាពលរដ្ឋសាជាថ្មីទៀត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានទទូចដល់លទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មេត្តាជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុន អូរៀលថល ប៉ារីស។ ពីព្រោះអាជ្ញាធរពាក់ព័ន្ធខេត្តកណ្តាល ហាក់ដូចជាមិនរវីរវល់ជួយអន្តរាគមន៍ និងដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ដោយបបណ្តែតបណ្តោយឲ្យក្រុមហ៊ុនធ្វើអ្វីតាមតែចិត្ត។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ដី កាលពីឆ្នាំ២០១៦ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ លី ហ្សីយ៉ុង ជាប្រធានក្រុមហ៊ុន អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន ឈ្មោះ បាត់ ប៊ុនលី និងឈ្មោះ ស្វិត ជាបុគ្គលិកក្រុមហ៊ុន ពីបទ ប្រើអំពើហិង្សារំលោភយកអចលនវត្ថុអ្នកដទៃដោយចេតនា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ ហើយព្រះរាជអាជ្ញាក៏បានចេញដីកាកោះហៅជនសង្ស័យទាំងបីនាក់នេះ ប៉ុន្តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ ដោយបានគេចវេស។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា ករណីនេះ គឺមានមន្ត្រីយោធាជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នៅពីក្រោយខ្នង ទើបបានជាក្រុមហ៊ុន អូរៀលថល ប៉ារីស ធ្វើសកម្មភាពរំលោភបំពានយកដីប្រជាពលរដ្ឋដោយគ្មានខ្លាចច្បាប់។
យោងតាមដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក ហ៊ុក វ៉ាន់ធីណា ចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចហាមឃាត់ក្រុមហ៊ុនអូរៀលថល បារីស អ៊ិនវេសម៉ិន មិនឲ្យលក់ដូរ បញ្ចាំ ជួល ធ្វើប្លង់កម្មសិទ្ធិ ជាអាទិ៍ទៅលើដីទំហំ ១០,៣៨៨,២១០.៦៥ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយព្រៃ ឃុំកណ្តោត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងហាមមិនឲ្យធ្វើការ ឈូសឆាយ ធ្វើរបងធ្វើផ្ទះ សាងសង់សំណង់រឹង និងធ្វើសកម្មភាពផ្សេងៗលើដីទំហំ១០,៣៨៨,២១០.៦៥ ម៉ែត្រការ៉េ។
ចំណែក លី ហ្សីយ៉ុង ជាប្រធានក្រុមហ៊ុន អូរៀលថល ប៉ារីស អ៊ិនវេសម៉ិន អង្គភាព Fresh News មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ៕