(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានី ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសតែងតាំងលោកស្រី នូ ថាវី ជាអភិបាលរងខណ្ឌដូនពេញ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

លោកអភិបាលរងបានឲ្យដឹងថា ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលខណ្ឌដូនពេញ សម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្ដារ កសាង អភិវឌ្ឍរាជធានីភ្នំពេញ និងសង្គមកម្ពុជាទាំងមូល។

លោកបន្តថា «សម្រាប់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងរដ្ឋបាលសង្កាត់ទាំងអស់ ដែលប្រជាជនទូទៅស្គាល់​ច្បាស់ថា ជាអាជ្ញាធរដែនដី មានតួនាទីដ៏សំខាន់ក្នុងនាមជាប្រតិបត្តិករ ផ្ដល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ បម្រើជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបំពេញមុខងារធ្វើជាសេនាធិការផ្ទាល់ និងជាតំណាងឲ្យរាជរដ្ឋាភិបាល ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀត»

សូមជម្រាបថា ការប្រកាសចូលកាន់តំណែងរបស់លោកស្រី នូ ថាវី នេះ ត្រូវបានអនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ៕