(ភ្នំពេញ)៖ ថ្មីៗនេះ ប្រទេសកម្ពុជាក៏បានចូលរួមក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀតជាច្រើន ក្នុងកម្មវិធី «IAIR AWARD» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON ទីក្រុងហុងកុង។ ក្នុងនោះដែរ បុរី ប៉េង ហួត បានក្លាយជាបេក្ខភាព តំណាងឲ្យប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ២០១៧ ( COMPANY OF THE YEAR)។ នេះជាមោទនភាពមួយ របស់ប្រទេសកម្ពុជា ដែលអាចទទួលបានពានរង្វាន់ នៅលើឆាកអន្តរជាតិ ដែលអាចធ្វើឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ ពីឧិកាសនៃការវិនិយោគលើ វិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជាកាន់តែ មានសន្ទុះរីកចំរើន ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Le Fonty ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យ ទៅលើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច បរិស្ថាន ការវិនិយោគ ជំនួញ...ដែលក្នុងនោះក៏មានវិស័យ អចលនទ្រព្យផងដែរ។
សំរាប់ការជ្រើសរើសនេះ គឺធ្វើឡើងតាមរយៈការស្ទាបស្ទង់មតិ តាមប្រព័ន្ធអនឡាញ ពីអ្នកចូលរួមប្រមាណជា ១៥០,០០០នាក់ និង ការទទួលព័ត៌មានជាក់ស្តែង ពីបណ្តាញជុំវិញពិភពលោក ព្រមទាំងការចុះសាកសួរដោយផ្ទាល់ ទៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនដែលជាដៃគូ សហការផងដែរ។
គួរកត់សំគាល់ឃើញថា មួយរយៈកាលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ ជាក់ស្តែងគឺ កម្មវិធី «Property Award» របស់ Property Guru ជាដើម ដែលមានក្រុមហ៊ុនជាច្រើនចូលរួម ដែលឃើញថា បុរី ប៉េងហួត បានក្លាយជាក្រុមហ៊ុនដ៏លេចធ្លោមួយ ដែលទទួលបានពានរង្វាន់ច្រើនជាងគេ ពិសេសគឺពានរង្វាន់ធំប្រចាំឆ្នាំទៀតផង។
យោងតាមអ្នករៀបចំកម្មវិធី «IAIR AWARD» បានឲ្យដឹងថា បុរី ប៉េង ហួត បានទទួលពានរង្វាន់ច្រើនបែបនេះ ក៏ដោយសារតែក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនអភិវឌ្ឍឈានមុខគេ ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា និង បានផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយ ចំពោះគំរោងគ្រប់ប្រភេទចាប់តាំងពីឆ្នាំ ២០០៥មក។ ជាពិសេសបានអភិវឌ្ឍ គំរោងលំនៅឋាន និងផលិតផលប្រកប ដោយភាពច្នៃប្រឌិត ជាមួយនឹងគុណភាពខ្ពស់ សុវត្ថិភាព សោភ័ណភាព និងបង្កើតទំនាក់ទំនងយូរអង្វែង ជាមួយអតិថិជន៕