(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី២៤ ខែមីនា ឆ្នាំ២០១៧ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និង បង្កា្របការកែ្លងបន្លំ បានដឹកនាំមន្រ្តីមួយចំនួនចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ និង ទប់ស្តាត់អំពីកែ្លងបន្លំតាមស្ថានីយ ដែលមានទីតាំងផ្លូវ៣៧១ ខណ្ឌមានជ័យ នៅក្នុងរាជធានីភ្នំពេញ។
ការពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់ សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្សន៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និង Regular (92) ។
លោក គឿន ភិរុណ បានឲ្យដឹងថា ជាលទ្ធផលក្នុងចំណោមស្ថានីយមួយចំនួន ដែលក្រុមមន្រ្តីកាំកុងត្រូលបានធើ្វការត្រួតពិនិត្យ គឺរកឃើញមានស្ថានីយចំនួន០២ ដែលមិន អនុលោមភាពបរិមាណ(ខ្វះប្រេង) ហើយតម្រូវឱ្យធើ្វកិច្ចសន្យាកែប្រែជាបន្ទាន់។ ករណីម្ចាស់ស្ថានីយមិនរៀងចាលលោក និង សុំគោលការណ៍ទៅថ្នាក់ដឹកនាំក្រសួងដើម្បីអនុវត្តន៍ តាមនីតិវិធីច្បាប់បានកំណត់។ ចំណែកឯថ្លៃប្រេងឥន្ធនៈ គឺមិនមានការលក់លើសពីសេចក្កីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មទេ។
លោក គឿន ភិរុណ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាននឹងបន្តធើ្វការត្រួតពិនិត្យទូទាំងព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់សហការ ចូលរួមធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាអតិថិជន អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តទាំងអស់សូមប្រុងប្រយ័ត្ន ត្រូវជ្រើសរើសស្ថានីយប្រេងឥន្ធនៈដែលទុកចិត្ត ពិនិត្យមើលលើកុងទ័រចាប់ពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការនៃលេខម៉ូទ័ររហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ ព្រោះវាត្រូវសើ្មនឹងតម្លៃប្រេងដែលត្រូវចំណាយ៕