(ក្រចេះ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ រកស៊ីលក់គ្រឿងសំណង់ និងគ្រឿងកំប៉ុង នៅទីរួមខេត្តក្រចេះ បានរលត់ទៅវិញហើយ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ដោយបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់ជាង១៥ម៉ឺនដុល្លារ។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលបានដឹកនាំបញ្ជាកម្លាំងជួយអន្តរាគមន៍ គ្រោះអគ្គិភ័យនេះ បានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ប៉ុន សំបូរ អាយុ៣៣ឆ្នាំ(ប្តី) និងប្រពន្ធឈ្មោះ សែម សុគន្ធា(ប្រពន្ធ)អាយុ២៩ឆ្នាំ ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ ផ្ទះរងគ្រោះមានទំហំ១២គុណ១៥ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រកសង្ក័សី ជាប្រភេទផ្ទះទៀមត្រូវបានភ្លើងឆេះទាំងស្រុង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ «មូលហេតុមកពីជាងផ្សារដែកដំបូលផ្ទះ ជ្រុះផ្កាភ្លើងមកក្រោម បណ្តាលឲ្យឆេះតែម្តង សរុបជាទឹកប្រាក់ ខូចខាតជាង១៥ម៉ឺនដុល្លារ ដែលជាផ្ទះលក់គ្រឿងសំណង់ និងគ្រឿងកំប៉ុង ហើយក្នុងកិច្ចប្រតិបត្តិការបាញ់ពន្លត់នោះ កម្លាំងសមត្ថកិច្ចរបស់យើង ប្រើរថយន្តចំនួន៣គ្រឿង ប្រើទឹកអស់ចំនួន១២រថយន្ត»។
យ៉ាងណាក៏ដោយសម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕