(សៀមរាប)៖ កិច្ចប្រជុំព្រំដែនរវាងកម្ពុជា-ថៃ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងទឹកដីខេត្តសៀមរាប។ កិច្ចប្រជុំនេះ ភាគីកម្ពុជាតំណាងដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃកម្ពុជា រីឯភាគីថៃ តំណាងដោយ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃ។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នេះជាកិច្ចប្រជុំលើកទី១២ ដូចដែលភាគីកម្ពុជា-ថៃ តែងតែធ្វើកន្លងមក ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហា ទំនាស់រវាងប្រទេសទាំងពីរ ដែលធ្លាប់មានកន្លងមកជាមួយគ្នា ក្នុងរឿងបញ្ហាព្រំដែន។
ក្រសួងការពារជាតិ បានប្រកាសថា «កិច្ចប្រជុំពិភាក្សានេះ គឺផ្តោតយ៉ាងសំខាន់ទៅលើការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង កងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងគោលបំណងរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍តាមបណ្តាលព្រំនៃប្រទេសទាំងពីរ»។
កិច្ចប្រជុំនេះ មិនត្រឹមតែពិភាក្សាតែលើបញ្ហាព្រំដែនប៉ុណ្ណោះទេ ខាងភាគីកម្ពុជាក៏លើកយកបញ្ហាមួយចំនួនទៀត ដែលត្រូវយកមកពិភាក្សាផងដែរក្នុងនោះ បញ្ហារត់ពន្ធ គ្រឿងញៀន បញ្ហាប្រឆាំងអំពើភេវរកម្ម បញ្ហាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា និងពង្រឹងសន្តិសុខតាមតំបន់ព្រំដែនដែលភាគីទាំងពីរ និងពុះពារ ស្វែងរកដំណោះស្រាយ ដើម្បីធានាឲ្យបានស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍតាមបណ្តាលព្រំដែន រវាងប្រទេសទាំងពី៕