(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានចូលឃាត់ខ្លួនបុរសមេការសំណង់ម្នាក់ឈ្មោះ ថាច់ មនោរក្ស ខណៈកំពុងជិះរថយន្តនៅម្តុំបឹងត្របែក ខណ្ឌចំការមន តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក អស់លុយជាង១ម៉ឺនដុល្លារ។
បុរសឈ្មោះ ថាច់ មនោរក្ស នេះស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ិត ដាលី ភេទស្រី អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាក់ទិននឹងការចាប់ឃាត់ខ្លួននេះ មន្រ្តីនគរបាលបានឲ្យដឹងថា អនុវត្តតាមដីការបស់ស្ថាប័នអយ្យការ ក្រោយមានពាក្យបណ្តឹងរបស់លោកស្រី អ៊ិត ដាលី ដែលបានប្តឹងឈ្មោះ ថាច់ មនោរក្ស ពីបទឆបោកប្រាក់ចំនួន១៤,៤០០ដុល្លារ។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១០ កញ្ញា ២០១៥ អ្នកស្រី អ៊ិត ដាលី និងឈ្មោះ ថាច់ មនោរក្ស បានធ្វើកិច្ចសន្យាសាងសង់ផ្ទះ កម្ពស់២ជាន់ ស្ថិតនៅលើក្បាលដីលេខ៩០៣ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយក្នុងតម្លៃ១០១,០០០ដុល្លារ និងបានកំណត់រយៈពេល៨ខែ គិតចាប់ពីថ្ងៃបុកគ្រឹះ និងត្រូវទូទាត់ប្រាក់៦ដំណាក់កាល។
ក្រោយពីធ្វើកិច្ចសន្យារួចឈ្មោះ ថាច់ មនោរក្ស បានធ្វើការសាងសង់ និងបើកប្រាក់រហូតដល់ដំណាក់កាលទី៥ លុះក្រោយមកឈ្មោះ ថាច់ មនោរក្ស ទៅយកប្រាក់បន្តិចម្តងៗ រហូតដល់ទៅ១៤,៤០០ដុល្លារថា យកទៅទិញសម្ភារៈ ទុកសម្រាប់តម្រូវការសាងសង់ និងគ្រឿងតុបតែងផ្ទះ ឲ្យបានរួចរាល់តាមកិច្ចសន្យា ដែលភាគីទាំងពីរបានធ្វើជាមួយគ្នា តែនៅពេលឈ្មោះ ថាច់ មនោរក្ស បានទទួលប្រាក់ដូចចំនួនខាងលើហើយ មិនបានធ្វើការសាងសង់តាមកិច្ចសន្យានោះទេ បែរជាគេចខ្លួនបាត់ រហូតជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតុលាការ ឲ្យតាមចាប់ខ្លួនតែម្តង។
រហូតមកដល់រសៀលថ្ងៃនេះជនត្រូវចោទ កំពុងស្ថិតនៅក្រោមការសួរនាំរបស់មន្រ្តីតុលាការនៅឡើយ មិនទាន់មានវិធានការយ៉ាងណានៅឡើយទេ៕