(ភ្នំពេញ)៖ ស្ត្រីចំណាស់ម្នាក់ បានធ្វើដំណើរមកពីទិញថ្នាំពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវចោរ២នាក់ជិះម៉ូតូ មួយគ្រឿងមិនចាំស្លាក់លេខ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យស្រ្តីរងគ្រោះ ដួលរងរបួសយ៉ាងដំណំ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍មួយនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវចោរឆក់កាបូបនោះ ឈ្មោះ ខៀវ សង អាយុ៥៥ ឆ្នាំមុខរបរនៅផ្ទះរស់នៅ ភូមិកំរៀង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក «SUZUKI NEX» ពណ៌សលាយក្រហម ពាក់ស្លាក់លេខភ្នំពេញ 1DH-6148។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅទិញថ្នាំពេទ្យដើម្បីព្យាបាលជំងឺ នៅឯមន្ទីពេទ្យកាលម៉ែត ដោយគាត់ទិញថ្នាំរួចហើយ ក៏បានធ្វើដំណើរ ជិះតែម្នាកឯង ត្រឡប់មកផ្ទះវិញតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ពាក់អាវធំពណ៌ខ្មៅ បានជិះធ្វើសកម្មភាពដោយម៉ូតូសង់ឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខ បានឆក់កាបូបស្ពាយពីគាត់បានសម្រេច ហើយរួចជិះរត់គេចខ្លួនបាត់ស្រមោល តែម្តងបណ្តាលឲ្យរូបគាត់ ដួលរងរបួសយ៉ាងដំណំ។
ស្រ្តីរងគ្រោះខាងលើបានបន្តថា នៅក្នុងកាបូបនោះមាន លុយខ្មែរជាង៣០ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹកនិងវត្ថុមានតំលៃមួយចំនួនទៀតផងដែរ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានធ្វើដំណើរ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ជនសង្ស័យមកផ្តន់ទាទោសតាមច្បាប់៕