(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា គ្រឿងញៀនជាប្រភពបង្កដល់អស្ថិរភាព អសន្តិសុខសង្គម និងជាចំណែកមួយដ៏ធំ ដែលបង្កដល់បទល្មើសនានា ដោយផ្តើមចេញពីគ្រឿងញៀននេះ ដូចនេះគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវចូលរួមក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបវាឲ្យដូចភ្លៀងរលឹម ដើម្បីក្នុងមូលដ្ឋានទាំងមូល ជាភូមិឃុំ មានសុវត្ថិភាព។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងប្រាក់រង្វាន់ដល់រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលធ្វើឡើងនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
លោកអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ឃុំសង្កាត់ទាំងអស់ ដែលសម្រេចបានលទ្ធផលការងារជាច្រើន ដោយខិតខំបំពេញការងារ រក្សាសុវត្ថិភាព និងបម្រើ
សេវានានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានកន្លងមក ព្រមទាំងស្នើរឲ្យ បន្តនូវកិច្ចការនេះ ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព ក្នុងគោលដៅ
រក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាក់សាធារណៈ សន្តិសុខទូទៅជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលនេះជារឿងសំខាន់។
សូមបញ្ជាក់ថា រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលបានលិខិតសរសើរ ប័ណ្ណសរសើរ និងប្រាក់រង្វាន់ មានចំនួន៦១ រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងក្រុង ស្រុកទាំង៧ក្នុងខេត្តត្បូងឃ្មុំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ក្នុងនោះចំណាត់ថ្នាក់លេខ១ មានចំនួន២៩, លេខ២មានចំនួន២១ ,និងចំណាត់ថ្នាក់ លេខ៣មានចំនួន១១ រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ៕