(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ពិធីបុណ្យទន្លេលើកទី៣ ត្រូវបានប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង រួមជាមួយស្ដង់លក់ទំនិញ ផលិតផលចំនួន៦០០តូប។ ខណៈកំពុងចុះត្រួតពិនិត្យទំនិញផលិតផលទាំងនោះ កម្លាំងមន្រ្តីកាំកុងត្រូវខេត្តបានរកឃើញ មឹកចំនួន៤៨គីឡូក្រាម របស់អាជីវករថៃ មានសារធារុហាមឃាត់ និងត្រូវបានដកយកទៅកម្ទេចចោល។

ការចុះត្រួតពិនិត្យរបស់មន្រ្តីកាំកុងត្រូលខាងលើ ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង។

លោក គឹម ប្រុស បានឲ្យដឹងថា​​​ ក្នុងឱកាសបុណ្យទន្លេនេះ មានតុបលក់សរុប៦០០តូប ក្នុងនោះមានតូបរបស់អាជីវករថៃ និងវៀតណាមចំនួន៣០០តូប និងតូបរបស់អាជីវករកម្ពុជាចំនួន៣០០តូប។ រាល់ការត្រួតពិនិត្យផលិតផលទាំងនេះ បានរកឃើញសារធាតុ Tes Kit formalin in food ដែលជាសារធាតុហាមឃាត់ មាននៅក្នុងមឹកចំនួន៤៨គីឡូក្រាម​​ លក់នៅក្នុងតូបរបស់អាជីវករថៃ និងត្រូវបានមន្ត្រីកាំកុងត្រូលយកទៅបំផ្លាញចោលតែម្ដង។

យ៉ាងណាក្ដី ប្រធានកាំកុងត្រូលរូបនេះ បានមើលឃើញថា បុណ្យទន្លេខេត្តស្ទឹងត្រែងឆ្នាំនេះ មានភ្ញៀវទេសចរ​ចូលរួមយ៉ាងច្រើនកុះករ ​​ហើយមានស្តង់លក់ទំនិញគ្រប់ប្រភេទ ដូចជា ចំណី អាហារ​​ ភេសជ្ជៈគ្រប់មុខ សម្ភារៈប្រើប្រាស់​​ផ្សេងៗ។ លោកបានបន្ថែមថា អាជីវករមានការយល់ដឹងច្រើន និងមានអនាម័យល្អត្រឹមត្រូវ តាមការណែនាំ​របស់មន្ត្រីកាំកុងត្រូល៕