(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាភាគីរាជរដ្ឋាភិបាលនោះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាជាមួយភាគីសហជីព សមាគម និយោជ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីសហជីពបន្ថែម។
ការពង្រឹងនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ការពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ តំណាងលោករដ្ឋមន្រ្តី អ៊ិត សំហេង។
លោករដ្ឋលេខាធិការ ម៉ម វណ្ណៈ បានរំឭកថា ច្បាប់ស្តីពីសហជីពត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានគោលបំណង៤រួមមាន៖ ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់កម្មករនិយោជិត, ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត និងនិយោជក, ទី៣-ជំរុញឱ្យមានសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី៥-បង្កើនផលិតភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាព របស់កម្មករនិយោជិត។
លោកបន្តថា ខ្លឹមសារនៃច្បាប់នេះ ត្រូវបានកសាងឡើងដោយផ្អែកតាម រដ្ឋធម្មនុញ្ញនៃកម្ពុជា, អនុសញ្ញាលេខ៨៧ និងលេខ៩៨ របស់អង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជា ផ្អែកតាមបទពិសោធន៍ របស់បណ្តាប្រទេសមួយចំនួន លើពិភពលោក ហើយច្បាប់នេះ មានទម្រង់ និងលក្ខណៈស្របតាមបទដ្ឋានអន្តរជាតិ ជាពិសេសស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា ដើម្បីលើកកម្ពស់សេរីភាពសហជីព និងការចូលរួមសកម្មភាពសហជីព របស់កម្មករនិយោជិត ព្រមទាំងការអនុវត្តសិទ្ធិធ្វើកូដកម្ម ដែលត្រូវគោរពតាមនីតិវិធី។
ច្បាប់សហជីពនេះ បង្កើតឡើងក៏សំដៅលើកទឹកចិត្ត ឱ្យមានការចូលរួមជជែកពិភាក្សា រវាងកម្មករនិយោជិត និងនិយោជក ឆ្ពោះទៅរកការចរចាអនុសញ្ញារួម។ ច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។
លោកថា ជាការសម្រួលដល់ដំណើរការកិច្ចការរដ្ឋបាលផ្ទៃក្នុងក្រសួង ក្រសួងបានសម្រេចធ្វើប្រតិភូកម្មមុខងារ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ក៏ដូចជាការចុះបញ្ជីសហជីពជាដើម ដល់អង្គភាពថ្នាក់ក្រោមជាតិ គឺមន្ទីរការងាររាជធានី-ខេត្ត ដូចដែលបានកំណត់នៅក្នុងប្រកាសស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសស្តីពី ការធ្វើប្រតិភូកម្មមុខងារ ក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៦ ក្រសួងបានចុះបញ្ជីសហជីពមូលដ្ឋាន បានចំនួន ៣,៤៩៧, សហព័ន្ធសហជីពចំនួន ១០៣, សហភាពសហព័ន្ធសហជីពចំនួន១៨, និងសមាគមនិយោជកចំនួន៨៕