(ស្ទឹងត្រែង)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំឲ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាកត្តារួមចំណែកក្នុងជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីលេខាធិការបានបញ្ជាក់ថា «បុណ្យទន្លេនេះ គឺស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូរ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ-ជប៉ុន ជាដើម»។
លោកបន្តថា រាជរដ្ឋាភិបាល បានសម្រេចយកខេត្តស្ទឹងត្រែង ដើម្បីប្រារព្វពិធីបុណ្យទន្លេលើកទី៣ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេមេគង្គ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។
កម្មវិធីសំខាន់ៗនៅក្នុងពិធីបុណ្យទន្លេលើកទី៣ រួមមាន៖
១-សកម្មភាពកីឡាលើទឹក និងកីឡាលើខ្សាច់ មានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រណាំងម៉ូតូលើទឹក ប្រដាល់គុនបុរាណខ្មែរ ប្រណាំងកង់ រត់ចម្ងាយ ឆ័ត្រយោងពីឰដ៏អាកាស ចម្បាប់លើឆ្នេរខ្សាច់ ជាដើម។
២-មហោស្រពម្ហូបអាហារ សុរា និងភេសជ្ជៈ និងការតាំងពិព័រណ៍សមិទ្ធផលផលិតផល កសិ-ទេសចរណ៍ និងផលិតផលខ្មែរ ក្រោមកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
៣-ការប្រគុំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរ។
លោករដ្ឋលេខាធិការ ទិត ចន្ថា បានបន្ថែមថា ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍បានកំពុងខិតខំពង្រឹងនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាជម្រើសយុទ្ធសាស្ត្រ ដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍បៃតង និងចូលរួមធ្វើឱ្យកម្ពុជា ឆ្ពោះទៅរកភាពស្អាត និងបៃតង ស្របតាមនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ពិសេសស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ។
លោកបានរំឭកផងដែរថា កាលនៅឆ្នាំ២០១៦ កន្លងទៅ ចំនួនទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា មានជាង៥លាននាក់ កើនឡើងប្រមាណ ៥% ធៀបនឹងឆ្នាំ២០១៥។ តាមព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ដែលអាចនឹងរកចំណូលបានប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ៨០ម៉ឺននាក់។
សូមជម្រាបថា មុននឹងបើកសិក្ខាសាលាខាងលើ នៅព្រឹកមិញនេះ លោក ទិត ចន្ថា រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនបានចូលរួមក្នុងពិធីដាំដើមឈើ ជាង៥០ដើម ផងដែរ ដើម្បីជាផ្នែកមួយ នៃកម្មវិធីសំខាន់ៗជាច្រើនទៀត នៃពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង៕