(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសហការគ្នារៀបចំ «ខួប១០០ឆ្នាំនៃសាលារចនា» ដោយមានការសំដែងចម្រុះសិល្បៈខ្មែរគ្រប់ទម្រង់ និងអស្ចារ្យ ជាងបណ្តាឆ្នាំមុនៗ។ «ខួប១០០ឆ្នាំនៃសាលារចនា» អនុញ្ញាតឲ្យចូលរួមទស្សនាដោយសេរី រយៈពេល៣ថ្ងៃ នៅថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៨៖០០យប់។
កម្មវិធី «ខួប១០០ឆ្នាំនៃសាលារចនា» បានដាក់តាំងបង្ហាញពី ស្នាដៃសិល្បៈរបស់និស្សិត៥មហាវិទ្យាល័យ រួមមាន៖ មហាវិទ្យាល័យស្ថាបត្យកម្ម មហាវិទ្យាល័យតូរ្យតន្រ្តី មហាវិទ្យាល័យសូនរូប និងមហាវិទ្យាល័យនីតិសាស្រ្ត ជូនសិស្សនិស្សិត និងសាធារណជនបានទស្សនាគ្រប់គ្នា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី ភឿ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។
លោកស្រី ភឿ សកុណា ប្រាប់បន្ថែមទៀតថា ការរៀបចំ «ខួប១០០ឆ្នាំនៃសាលារចនា» ធ្វើឡើងក្នុងគោលបំណងសំខាន់២ គឺទី១ សម្រាប់អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងទី២ ដើម្បីជាការបង្ហាញពីស្នាដៃច្នៃប្រឌិត របស់ក្រុមនិស្សិត នៅតាមមហាវិទ្យាល័យ ជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិទៅមក។
លោកស្រី ភឿ សកុណា បន្តថា «ខួប១០០ឆ្នាំនៃសាលារចនា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំទី១០០នេះ ដែលទំហំនៃការរៀបចំគឺធំជាងមុន និងមានការបង្ហាញពីទម្រង់សិល្បៈសំបូរបែបជាងមុន រួមមានការបង្ហាញពីការសំដែង របាំប្រពៃណី ចាប៉ីដងវែង ល្ខោនសំដែងជាច្រើនប្រភេទទៀត។
ក្រៅពីនោះ ក៏មានការចូលរួមតាំងបង្ហាញ សំលៀកបំពាក់ដែលកែឆ្នៃពីសំរាមរបស់ ក្រុម La Chhouk Recycled & Creative Fashion ផងដែរ៕