(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពេញអង្គ​ ដើម្បីអនុម័តលើសេចក្តីព្រាងចំនួន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី៖

សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ថ្ងៃសុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០១៧

នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
៣៖ បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមានគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក ដោយប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម អនុលោមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។

សេចក្តីព្រាងច្បាប់នេះមាន៦ជំពូក និង៤៤មាត្រា មានវិសាលភាពអនុវត្តចំពោះការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធន និងវិធានការពន្ធប៉ះប៉ូវ និងវិធានការការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។

២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះបន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញទូទាំងប្រទេសនៅឆ្នាំ ១៩៩៨ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី អត្រាកំណើនសេដ្ឋកិច្ចមធ្យមប្រចាំឆ្នាំមានកម្រិតប្រមាណ៧.៧ ភាគរយហើយអត្រាកំណើន ដ៏គួរជាទីមោទនៈនេះត្រូវបានរំពឹងថា នឹងរក្សាសន្ទុះបន្តទៀតសម្រាប់រយៈពេលមធ្យមខាងមុខ។ អត្រាភាពក្រីក្របានកាត់បន្ថយពី៥៣ភាគរយ នៅឆ្នាំ២០០៤ មក១៣.៥ភាគរយនៅឆ្នាំ ២០១៤។ លើសពីនេះទៀត ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចត្រូវបានបែងចែកក្នុងលក្ខណៈកាន់តែមានសមធម៌ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការថយចុះនៃមេគុណវិសមភាពនៃការប្រើប្រាស់ពី ០.៤១ នៅឆ្នាំ២០០៧ មកនៅត្រឹម០.២៩ នៅឆ្នាំ ២០១២ ជាមួយនឹងការរំពឹងថាតួលេខនេះនឹងបន្តថយចុះថែមទៀតនៅឆ្នាំខាងមុខ។ សមិទ្ធផលទាំងនេះគឺជាការពិតដែលមិនអាចបដិសេធបាន និងជាមោទនភាពសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

កន្លងមក រាជរដ្ឋាភិបាលតែងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលស្តែងចេញពីការដាក់ឲ្យដំណើរការបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស) បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) និងមូលនិធិជនពិការ (ម.ជ.ព) ព្រមទាំងការអនុម័តយុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការដាក់ឲ្យដំណើរការកម្មវិធីជាតិជំនួយសង្គមមួយចំនួន។ សម្រាប់អាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងនោះយុទ្ធសាស្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ បានកំណត់យក«ការបន្តពង្រឹង និងអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព» ជាគោលដៅអាទិភាព។

គោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលដឹកនាំរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានគោលដៅជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងព្រមទាំងអាចគ្របដណ្តប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ចក្ខុវិស័យរយៈកាលវែងរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគឺការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។

៣៖ បញ្ហាផ្សេងៗ៖  

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍ជូនពរដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ឲ្យទទួលបានសុខភាពល្អ មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរការ នព្វស័ក ពុទ្ធសករាជ២៥៦១ គ.ស ២០១៧នេះ។

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១០និង២០នាទី។
រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧