(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបំភ្លឺថា ករណីរថយន្តលុច្សស៊ីស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01.2-1006 ដែលបើកបុកក្បាលនាគពុះខណ្ឌចែកទ្រូងផ្លូវ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នោះ មិនមែនជារបស់ជនជាតិចិននោះទេ ប៉ុន្តែជារបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ដែលបើកបរដោយមន្រ្តីយោធាម្នាក់ ហើយពេលនេះ ក្រសួងចាត់វិធានការ ទៅតាមច្បាប់រួចហើយដែរ។
ការបំភ្លឺរបស់ក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផ្សព្វផ្សាយខុសឆ្គងថា មានជនជាតិចិនម្នាក់ បានបើករថយន្តយោធា ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-1006 នេះទាំងស្រវឹង ហើយបុកទ្រូងផ្លូវនៅចំណុចខាងលើ ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួន។ សារព័ត៌មាន និងបណ្តាញសង្គមទាំងនោះ នោះក៏បានរិះគន់ធ្ងន់ធ្ងរ ក្រសួងការពារជាតិ ចំពោះហេតុការណ៍ដែលបានកើតឡើងនេះផងដែរ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនានេះថា ការចុះផ្សាយព័ត៌មាននោះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ។
លោកនាយឧត្តមសេនីយ៍ បានអះអាងថា បន្ទាប់ពីធ្វើការស្រាវជ្រាវចំពោះករណីនេះរួច ក្រសួងការពារជាតិ បានរកឃើញថា រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ 01.2-1006 គឺជារថយន្តរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួងការពារជាតិ ដែលបើកបរ និងទទួលខុសត្រូវដោយមន្រ្តីយោធាម្នាក់ មិនមែនជនជាតិចិន ដូចការចុះផ្សាយទេ។ លោកបានបន្ថែមថា ក្រោយពេលកើតហេតុនេះ ក្រសួងបានចាត់តាំង មន្រ្តីនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការពារជាតិ ដើម្បីចុះធ្វើការត្រួតពិនិត្យ និងចាត់ការតាមច្បាប់ រួចរាល់ហើយ។
កន្លងទៅក្រសួងការពារជាតិ ក៏ធ្លាប់បានដាក់បទវិន័យយ៉ាងតឹងរឹង ចំពោះមន្រ្តី និងទាហានក្រោមចំណុះរបស់ខ្លួន ដែលបានធ្វើខុសវិន័យ។ រាល់សកម្មភាពល្មើសទាំងឡាយណា ដែលបង្កឡើងដោយមន្រ្តីយោធា នឹងត្រូវអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជា៕