(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា ខណៈពេលនេះបានទៅដល់ទីក្រុងអាម៉ាន់ ប្រទេសហ្សកដានីហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមការដឹកនាំរបស់គ្រូជម្រើសជាតិថ្មី លោក Leonardo Luiz ដើម្បីចូលរួមត្រៀមប្រកួតដណ្តើមកៅអី សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup 2019 នៅក្នុងការប្រកួតដំបូង នៅវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ (ម៉ោងនៅកម្ពុជា)។
ក្នុងជំនួបនេះក៏មានវត្ដមាន កីឡាករខ្សែប្រយុទ្ធឆ្មើម ចាន់ វឌ្ឍនាកា ដែលបច្ចុប្បន្នលេងនៅក្នុងក្លឹប Fujieda MYFC លីគលំដាប់ទី៣ នៃរបស់ជប៉ុន និង កីឡាករខ្សែរបម្រើ ធារី ចន្ថាប៊ិន ដែលបច្ចុប្បន្នលេងនៅក្នុងក្លឹប Krabi FC លីគលំដាប់ទី២ នៃប្រទេសថៃផងដែរ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ AFC Asian Cup 2019នេះ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល C ដែលប៉ះសុទ្ធតែក្រុមខ្លាំងមានដូចជា៖ អាហ្វហ្គានីស្ថាន, វៀតណាម និងហ្សកដានី។
សូមជំរាបថា កាលពីយប់ថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ ក្រុមជម្រើសជាតិ ហ្សកដានី ក៏បានប្រកួតមិត្តភាពអន្តរជាតិយកឈ្នះ ក្រុមកីឡាករហុងកុង ដោយលទ្ធផល ៤ទល់០ មុនស្វាគមន៍ កម្ពុជា ក្នុងផ្ទះរបស់ខ្លូន នៃពានរង្វាន់ AFC Asian Cup 2019 ស្ថិតនៅពូល C ក្នុងវគ្គចែកពូល៕