(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ និងប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរពីមន្ត្រីក្រោមឱវាទ ខណ្ឌ-សង្កាត់ និងក្រុមយុវជន ទៅទទួលយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ពីសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលមានព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ស្ថិតក្នុងវត្តទួលសន្តិវ័ន្ដ ហៅវត្តទួលអស់លោក ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីយកមកតម្កល់ត្រៀមទុកចែក ជូនបន្តតាមគ្រួសារក្រីក្រ ងាយរងគ្រោះក្នុងមូលដ្ឋាន។
នាឱកាសនោះលោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងព្រះសង្សគ្រប់អង្គ យាយជី តាជី ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តទួលសន្តិវ័ន្ដ ដែលបានផ្ដល់ជូននូវវប្បធម៌ ចែករំលែកមានជាគ្រឿងឧបភោគបរិភោគ រួមនិងបច្ច័យមួយចំនួន មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្នុងបំណងចូលរួមទ្រទ្រង់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី បានបន្តទៀតថា លោក នឹងនាំយកសម្ភារ ក៏ដូចជាបច្ច័យ ដែលទទួលបានមកពីព្រះសង្ឃ ក្នុងវត្តទួលអស់លោក ដើម្បីបន្តចែកជូនជួយសង្គ្រោះដល់ប្រជាពលរដ្ឋលំបាក ក្រីក្រ ជាជនចាស់ជរាគ្មានទីពឹង និងអ្នកកើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
បន្ថែមពីនេះទៀត ព្រះតេជគុណ ខឹម សម្បត្តិ បានមានសង្សដីកាថា សម្រាប់ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីឲ្យគណៈកម្មការគ្រប់គ្រងវត្ត មានឱកាស បានចូលសហការបរិច្ចាគនូវវប្បធម៌ចែករំលែកទាំងនេះ មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលមានលោក ជា ពិសី ក្នុងបំណងដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូត លាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំ ដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសយើង ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ។
ព្រះតេជគុណមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ បានមានសង្សដីកាទៀតថា ចំពោះសម្ភារមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ប្រគេនជូនដល់ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នាពេលនេះរួមមាន៖ អង្ករ១តោន ទឹកក្រូច៥កេស ស្ករស៣០គីឡូ ទឹកដោះគោខាប់២០កំប៉ុង ទឹកត្រី១០យួរ ទឹកស៉ីអ៉ីវ១០យួរ តែ២០០កញ្ចប់ ត្រីខ១០យួរ ទឹកសុទ្ធ១០កេស បាឡុង២សម្រាប់ ម៊ី១០កេស និងបច្ច័យ៤លានរៀល៕