(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie's Club brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីរដ្ឋបាលឱសថ និងម្ហូបអាហាររួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន The Soynut Butter Co បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែរកឃើញនូវប្រភព នៃការពុលម្ហូបអាហារបណ្តាល មកពីការកទទួលទាន ផលិតម្ហូបអាហារខាងលើ ដែលសង្ស័យមានចម្លងចូលបាក់តេរី E.coli 0157;H7។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។
បើតាមសេចក្តីជូនដំណឹង «បាត់តេរីនេះផលិតសារធាតុពុល (Shiga toxins) ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស (ជនងាយរងគ្រោះ គឺស្រ្តីមានផ្ទៃពោះ និងកុមារ) ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យបាត់បង់ជីវិត»។
អគ្គនាយកដ្ឋានកាំកុងត្រូវ បាននិងកំពុងចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរណ៍លើទីផ្សារ និងត្រួតពពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី បើមានការដាក់តាំងលក់។
ជាមួយគ្នានេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋ អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញលេខទូរស័ព្ទ សាខាកាំកុងត្រូលរាជធានី-ខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មាន នៅពេលជួនប្រទះផលិតផលទាំងនេះ៕