(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឆបោកប្រាក់និងចេញសែកអត់សាច់ប្រាក់ចំនួន២៧ម៉ឺនដុល្លារអាមេរិក។ ជនត្រូវចោទ ត្រូវបាននគរបាលបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ដើម្បីចាត់ការតាមច្បាប់ ។
ទន្ទឹមនេះ ដើមបណ្ដឹងសំណូមពរដល់ លោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការជនត្រូវចោទតាមច្បាប់កុំមានការលើកលែង ដើម្បីចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ ដែលដាក់ចេញដោយប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា ។
នគរបាល បញ្ជាក់ថា បុរសរូបនេះឈ្មោះ សុខ ផារ៉ា អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៨ក ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រីឯដើមបណ្ដឹងមានឈ្មោះ អ៊ឹង សុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ។
ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ សុខ ផារ៉ា បានលួងលោមដើមបណ្ដឹង ឲ្យប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរកស៊ីជំនួញផ្ទាល់ខ្លួន ដោយសន្យាថានឹងសងប្រាក់មកវិញ។ លុះដល់ថ្ងៃកំណត់ ឈ្មោះ សុខ ផារ៉ា គេចវេះពុំព្រមសងប្រាក់នោះទេ ។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ឈ្មោះ សុខ ផារ៉ា បានលួងលោមដើមបណ្ដឹងម្តងទៀត ឲ្យប្រគល់ប្រាក់ចំនួន១៦ម៉ឺនដុល្លារអាមេរិក ដោយសន្យាសងវិញក្នុងរយៈពេល៣ខែ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ សុខ ផារ៉ា បានមកយកប្រាក់បន្ថែមទៀតចំនួន១២០០០ដុល្លារអាមេរិក។ ប៉ុន្តែប្រាក់ទាំងអស់នេះ ឈ្មោះ សុខ ផារ៉ា បានគេចវេះពុំព្រមសងវិញឡើយ ។
ប្រភពព័ត៌មាន បន្តថា ឈ្មោះ សុខ ផារ៉ា បានចេញមូលប្បទានប័ត្រមួយសន្លឹកលេខ០០០៨២៨៧ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ទឹកប្រាក់ចំនួន១៥ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែពេលទៅបើកប្រាក់ ខាងធនាគារបញ្ជាក់ថា គ្មានសាច់ប្រាក់ឡើយ ។
បញ្ហានេះ ដើមបណ្ដឹងស្នើឲ្យតុលាការចាត់ការ ឈ្មោះ សុខ ផារ៉ា តាមច្បាប់ ទាមទារសំណងចំនួន២៧ម៉ឺនដុល្លារអាមេរិក និង ប្រាក់ជំងឺចិត្តចំនួន១៥ម៉ឺនដុល្លារអាមេរិក៕