(ភ្នំពេញ)៖ សំណង់រំលោភផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋក្បែរខាងមួយកន្លែង ស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ម្ចាស់សំណង់នៅ តែបន្តសាងសង់នៅឡើយ បើទោះសំណង់មួយនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញចុះទៅហាមឃាត់៣ដងមកហើយនោះ ដោយសារតែខុសច្បាប់។
ប្រជាពលរដ្ឋរងគ្រោះដោយសាររំលោភបំពានពីសំណង់មួយនេះ បានឲ្យដឹងថា «នៅព្រឹកថ្ងៃនេះ គេឃើញមានសកម្មសំណង់នៅសាងសង់នៅឡើយទេ ដោយគ្មានអាជ្ញាធរណាចុះមកហាមឃាត់នោះទេ គឺសង់ទាំងខុសច្បាប់តែម្តង ដូច្នេះសូមអភិបាលខណ្ឌពោធិ៍សែនជ័យ ចាត់ឲ្យមន្រ្តីចុះមកមើលផង»។
សម្រាប់សំណង់ខុសច្បាប់មួយនេះ ប្រជាពលរដ្ឋដែលរងគ្រោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹង ប្រៀបដូច ក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។ សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីភូមិបាលខណ្ឌ ដែលមានជំនាញ ខាងសំណង់នោះ ក៏បានប្រាប់ថា គ្មានច្បាប់អនុញ្ញាតដែរពោលដំណើរការ សាងសង់ទាំងបំពានតែម្តង។
សំណង់អគារមួយនេះ ត្រូវបានសាងសង់គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញនោះទេ ហើយត្រូវបានអាជ្ញាធរ សង្កាត់-ខណ្ឌ ចុះធ្វើការផ្អាកចំនួន៣ដងរួចមកហើយ តែហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះឡើយ។ ម្ចាស់សំណង់អគានោះ នៅតែបន្តសាងសង់ ដោយគ្មានញញើតញញើមចំពោះការហាមឃាត់របស់ អាជ្ញាធរសូម្បីតែបន្តិចសោះឡើយ ព្រមទាំងបង្កទំនាស់ និងរំលោភបំពានយកព្រំដី អ្នកជិតខាងបន្ថែមទៀត។ នេះបើតាមភ្នាក់ងារ Fresh News បានរាយការណ៍យ៉ាងដូច្នេះ។ បើតាមមន្រ្តីភូមិបាលខណ្ឌពោធិ៍សែនជ័យ ម្ចាស់សំណង់មានឈ្មោះ សុក អាន។
ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចាត់វិធានការសំណង់ខុសច្បាប់ មួយនេះឲ្យមានប្រសិទ្ធភាព មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ និងដីអ្នកជិតខាងបែបនេះឡើយ បើដូច្នេះមែនច្បាប់ គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ។ ជនរងគ្រោះថា បើខណ្ឌគ្មានលទ្ធភាពដោះស្រាយទេ លោកនឹងប្តឹងទៅ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បន្តទៀតឲ្យជួយរកយុត្តិធម៌៕