(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក និងចែកចាយផលិតផលសាប៊ូកក់សក់កម្ចាត់អង្គែក្លៀរ (CLEAR) បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយបានរៀបចំការប្រកួតមិត្តភាពអន្តរជាតិក្លៀរឆ្នាំ២០១៧ រវាងក្រុមជម្រើសជាតិកម្ពុជាជាមួយ នឹងក្រុមជម្រើសជាតិឥណ្ឌា នាពហុកីឡាដ្ឋានអូឡាំពិក រាជធានីភ្នំពេញ ។
លោក Fredy Ong អភិបាលក្រុមហ៊ុនយូនីលីវើ កម្ពុជា និងឡាវ បានថ្លែងថា ការនាំមកនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិក្លៀរនេះ គឺបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយគាំទ្រ និង លើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាដោយទន្ទឹមនឹងនោះ ក្រុមហ៊ុនបានបន្តធ្វើជាអ្នកឧបត្ថម្ភធំសម្រាប់ក្រុមជម្រើសជាតិឈុតធំប្រចាំឆ្នាំ ២០១៧ នេះផងដែរ ។
លោក Fredy Ong បានថ្លែងថា «សាប៊ូកក់សក់ក្លៀរ នឹងបន្តគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការនាំមកនូវការប្រកួតមិត្តភាពអន្តរជាតិផ្សេងៗ ដូចជាការប្រកួតរវាងកម្ពុជា និងឥណ្ឌានេះជាដើម ។ គោលបំណងរបស់យើងគឺជួយឲ្យប្រជាជនកម្ពុជារួមគ្នាគាំទ្រក្រុមជម្រើសជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះពាននៅថ្ងៃណាមួយ យើងជឿថា ការប្រកួតមិត្តភាពបែបនេះ នឹងផ្ដល់បទពិសោធន៍ល្អ ក៏ដូចជាលើកកម្ពស់មុខមាត់ក្រុមជម្រើសជាតិឲ្យក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់ ហើយយើងសង្ឃឹមថា ភាពជាដៃគូជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងជួយអភិវឌ្ឍកីឡាបាល់ទាត់ កម្ពុជាឲ្យរីកចម្រើនខ្លាំងទៅថ្ងៃខាងមុខ សម្រាប់សាប៊ូកក់សក់ក្លៀរ យើងគាំទ្រកម្ពុជា»។
ការប្រកួតមិត្តភាពរវាងកម្ពុជា និងឥណ្ឌា នេះគឺជាការប្រកួតមិត្តភាពលើកដំបូងរបស់ជម្រើសជាតិឈុតធំកម្ពុជា សម្រាប់ឆ្នាំ២០១៧នេះ ហើយក៏ជាការដឹកនាំការប្រកួតលើកដំបូង របស់គ្រូបង្វឹកថ្មីដែលទើបនឹងតែងតាំងផងដែរ ។ នៅចប់ការប្រកួត កម្ពុជា បានចាញ់ ឥណ្ឌា ក្នុងលទ្ធផល៣ ទល់នឹង ២ ។ គិតត្រឹមការប្រកួតលើកនេះ កម្ពុជាប៉ះជាមួយនឹងឥណ្ឌាចំនួនបួនលើកហើយ ដោយក្នុងនោះកម្ពុជា ឈ្នះ ១ លើក និងចាញ់ ៣ លើក បើទោះបីជាក្រុមកម្ពុជា បានចាញ់ក្រុមឥណ្ឌា ដែលជាក្រុមខ្លាំងជាងក្តី ប៉ុន្តែគេសង្កេតឃើញថា សមត្ថភាពរបស់ក្រុមកម្ពុជាកាន់តែមានអភិវឌ្ឍប្រសើរជាងមុន ។
សាប៊ូកក់សក់ក្លៀរ នឹងខិតខំចូលរួមចំណែក ក្នុងការលើកកម្ពស់សមត្ថភាព របស់ក្រុមជម្រើសជាតិកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀត ។ កាលពីឆ្នាំ២០១៦ ក្លៀរបានសហការរៀបចំ នូវការប្រកួតមិត្តភាពអន្តរជាតិក្លៀរ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមហុងកុង ហើយជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ជាដើម ។ ទន្ទឹមនឹងនេះ ក្លៀរ ក៏បានអនុវត្តយុទ្ធនាការ «យើងគាំទ្រកម្ពុជា» ដើម្បីផ្សព្វផ្សាយលើកកម្ពស់កីឡាបាល់ទាត់របស់កម្ពុជាផងដែរ ។
នៅក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្តរជាតិនេះដែរ សាប៊ូកក់សក់ ក្លៀរ ក៏បានរៀបចំសកម្មភាពមួយចំនួនដើម្បីបង្កភាពរីករាយដល់អ្នកចូលរួមទស្សនាផងដែរ ដែលក្នុងនោះមានដូចជា ការគូរមុខគាំទ្រជម្រើស ជាតិកម្ពុជា ការលេងល្បែងកម្សាន្ត ការពិនិត្យសុខភាពស្បែកក្បាល និង ការចែកសាប៊ូកក់សក់ក្លៀរដោយឥតគិតថ្លៃផងដែរ ។ ក្លៀរ ជាសាប៊ូកក់សក់លំដាប់អន្តរជាតិ ប្រសិទ្ធភាពខ្ពស់ដើម្បីកម្ចាត់ ការពារការកកើតអង្គែ និងជួយស្បែកក្បាលមានសុខភាពល្អ ៕