(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់ ធ្វើយ៉ាងណា ត្រូវតែរួមគ្នាសហការរឹតបន្តឹងបន្ថែមទៀត ដើម្បីកុំឲ្យធ្លាក់ចំណាត់ថ្នាក់ លើបញ្ហាសន្តិសុខ សវត្ថិភាពផ្សេងៗ ជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធនាការបង្ការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេសរយៈពេល៦ខែ ខណៈ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអធិការដ្ឋាននគរបាលខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ។
លោក ជា ពិសី បានបញ្ជាក់ថា «ចាប់ពីពេលនេះតទៅ សូមឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់-ភូមិ ត្រូវតែមានវិធានការ រដ្ឋបាលតាមផ្លូវច្បាប់ ដើម្បីអនុវត្តតាមគោលការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបញ្ជៀសឲ្យបានលើការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ឲ្យមានរបៀបរៀបរយ ជាពិសេសបញ្ហាសំណង់ ដែលត្រូវអ្នករកស៊ី លក់ដូរ បានយកទៅប្រើប្រាស់ បិតផ្សាយរាល់ពាណិជ្ជកម្មផ្សេងៗ លើចិញ្ចើមផ្លូវ ធ្វើឲ្យបាត់បង់ ទាំងសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ព្រោះកាន់តែខិតកៀកជិតចូលមកដល់ហើយ រដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះ»។
ការជំរុញហើយជំរុញទៀតបែបនេះត្រូវបានលោក ជា ពិសី លើកឡើងក្នុងឱកាសបើកកិច្ចប្រជំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោក លីន ញ៉ក់ និងគណៈនាយក មានទាំងមន្ត្រីការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ក្រុមប្រឹក្សាខណ្ឌ រួមនិងអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថ ខណ្ឌ-ចៅសង្កាត់-មេប៉ុស្ដិ៍-មេភូមិ រួមនិងប្រធានផ្សារផងដែរចំនួន៧៥រូប។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនេះ លោក ជា ពិសី បានថ្លែងថា បើទោះបីជាកម្លាំងនគរបាលខណ្ឌឫស្សីកែវ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែមិនត្រូវបង្អង់ ឫបន្ធូរដៃក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល៦ខែដំបូងនេះឡើង ពិសេស កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ក៏ដូចជាភូមិ ត្រូវរួមគ្នាសហការធ្វើយ៉ាងណាទប់ស្កាត់ និងបញ្ជៀសឲ្យបានលើបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ព្រមទាំងសំណង់នានា ដែលកន្លងមកអាជ្ញាធរមូលដ្ឋាន បានជូនដំណឹងដោយចាក់ មេក្រូ តាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារ ជាដើម ក្នុងមូលដ្ឋាន ដើម្បីហាមប្រាមមិនឲ្យមានអា ជីវករ អ្នករកស៊ី លក់ដូរផ្សេងៗយកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋ។
លោក ជា ពិសី បានថ្លែងទៀតថា ប្រសិនបើការហាមប្រាម មិនមានប្រសិទ្ធភាព ទៅលើអ្នកលក់ដូរ អ្នករកស៊ី ជាអាជីវករដោ យមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចទេនោះ ប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយមិនទទួលខុសត្រូវលើកការខូចខាតសម្ភារ ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕