(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មានតួនាទីសំខាន់៣ ក្នុងតួនាទីសំខាន់ៗដ៏ច្រើនទៀត នោះគឺការទប់ស្កាត់ ការបង្រ្កាប និងការត្រួតពិនិត្យ ក្នុងគោលបំណងការពារមិនឲ្យមានអាហារហូបចុក ដែលពុំមានសុវត្ថិភាព ធ្លាក់ដល់ដៃអ្នកប្រើប្រាស់។
ការផ្សព្វផ្សាយ អប់រំអំពី«សុវត្ថិភាពចំណីអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» គឺជាយុទ្ធនាការមួយទៀត ផ្សារភ្ជាប់ជាមួយចំណាត់ការផ្លូវច្បាប់ ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើឡើងជាហូរហែរ និងគ្រប់ទីកន្លែងទាំងអស់ ដើម្បីឲ្យអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ រួមទាំងអ្នកប្រើប្រាស់ម្ហូបអាហារផងដែរ មានការយល់ដឹង និងមានការទទួលខុសត្រូវកាន់តែខ្ពស់ អំពីសុវត្ថិភាពចំណីអាហារ។
ឆ្លើយតបនឹងតួនាទីខាងលើនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បានបើកវគ្គផ្សព្វផ្សាយមួយទៀតស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» នៅវិទ្យាល័យពងទឹក ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។
វគ្គផ្សព្វផ្សាយនេះដឹកនាំដោយ លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជាមួលដ្ឋានអំពី សុវត្ថិភាពម្ហូបអាហារដល់ស្រទាប់យុវវ័យ និងអាជីវករលក់ដូរម្ហូបអាហារ ដែលជាគោលដៅក្នុងការផ្សព្វផ្សាយចំណេះដឹងនេះបន្ត ដល់មិត្តភ័ក្រ គ្រួសារ និងសហគមន៍រស់នៅរបស់ពួកគាត់។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងថា អគ្គនាយកដ្ឋានកាំកុងត្រូល មានមន្ត្រីឈរជើងតាមច្រកព្រំដែនអន្តរជាតិ និងទ្វេរភាគីដែលកំណត់ដោយអនុក្រឹត្យលេខ៦៤ ក្នុងបំណង «ទប់ស្កាត់» បទល្មើសម្ហូបអាហារមិនឲ្យហូរចូលក្នុងផ្ទៃប្រទេស។ មន្ត្រីកាំកុងត្រូល ក៏ត្រូវបានដាក់ពង្រាយក្នុងផ្ទៃប្រទេសផងដែរ ដើម្បី «ត្រួតពិនិត្យ» ការហៀរចូលម្ហូបអាហារគ្មានសុវត្ថិភាព តាមរយៈការលបលួចនាំចូលតាមច្រករបៀង, ការបាត់បង់សុវត្ថិភាពដោយការការស្តុកទុកពុំសមស្រប តាមបច្ចេកទេស ឬហួសកាលបរិច្ឆេទឲ្យប្រើប្រាស់នៅលើទីផ្សារ ក៏ដូចជា ការដាក់បន្ថែមសាធាតុគីមីដែលពុំមានច្បាប់អនុញ្ញាត ក្រៅបទដ្ឋានបច្ចេកទេសកំណត់ និងមិនមែនជាផ្នែកនៃម្ហូបអាហារ។
លោកបានបន្ថែមថា «ទន្ទឹមគ្នានេះដែរអគ្គនាយកដ្ឋានកាំកុងត្រូល បានបើកយុទ្ធការឲ្យ «មន្ទីរពិសោធន៍ចល័ត» ចុះពិនិត្យសារធាតុគីមីហាមឃាត់ លើទីផ្សារគ្រប់ខេត្តក្រុងប្រកបដោយលទ្ធផលជាផ្លែផ្កា ហើយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយលើទីផ្សារ និងតាមសាលារៀនផងដែរ»។ ទំនិញហូបចុកដែលគ្មានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ត្រូវបានដកហូត និងកំទេចចោល ហើយអ្នកចែកចាយត្រូវបានចាត់វិធានការផ្លូវច្បាប់ផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា យោងទៅលើមាត្រា ៦១, ៦២, ៦៣, និង៦៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា ជនល្មើសត្រូវផាកពិន័យជាទឹកប្រាក់ពី ៥០០.០០០រៀលទៅ ១០.០០០.០០០រៀល និង/ឬមួយជាប់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ។ បើពុំមានការរាងចាល ទំងន់ទោសនោះនឹងត្រូវបន្ថែមទ្វេរឡើង២ដង ដោយមិនទាន់គិតពីទោសទណ្ឌព្រហ្មទណ្ឌផ្សេងទៀត។
ជាមួយគ្នានេះ ខៀវ បញ្ញាវឌ្ឍន៍ ក៏បានពាំនាំការផ្តាំផ្ញើរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល សូមឲ្យអាជីវកររករបរទទួលទានទាំងអស់ គិតដល់សុខភាពសាធារណៈជាចំបង។ ទាំងអស់គ្នា ត្រូវតែមានមនសិកា និងការទទួលខុសត្រូវចំពោះមុខច្បាប់ និងរួមគ្នាកសាងសង្គមមួយ ដែលពោរពេញដោយសុខមាលភាព៕