(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ បានចាប់ផ្ដើមសវនាការរឿងក្ដី លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជាមួយនឹងការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ។
ក្រុមអ្នកសារព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពនោះទេ ពួកគេបានត្រឹមឈរក្បែររបងតុលាការប៉ុណ្ណោះ ។ មួយរយៈចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មាន ហាក់ត្រូវបានហាមប្រាមជាបន្តបន្ទាប់ចំពោះរឿងក្តីរសើបមួយចំនួន តួយ៉ាងដូចករណី ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅឯសាលាដំបូងរាជធានីភ្នំពេញ ជាដើម ។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា ថ្លែងថា សវនាការនេះ គឺ ការសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក នី ចរិយា ។
ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕