(ម៉ូស្គូ)៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានបញ្ជាក់ថា ប្រទេសរបស់លោក មិនបានព្យាយាមចង់ដណ្តើមគ្រប់គ្រងពិភពលោកនោះឡើយ ហើយលោក Li ក៏បានឆ្លៀតឱកាសធ្វើការព្រមានប្រឆាំងទៅនឹងសង្រ្គាមត្រជាក់ ដែលអាចផ្ទុះឡើងថ្មីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅឯប្រទេសអូស្រ្តាលីលោក Li Keqiang បានថ្លែងថា «ទោះបីជាប្រទេសចិនមានការរីកចម្រើននិងលូត លាស់ខ្លាំងនាពេលអនាគតយ៉ាងណាក្តី ដាច់ខាតយើងនឹងមិនព្យាយាមចង់ក្តោបក្តាប់ពិភពលោកទាំងមូលឡើយ។ ផ្ទុយទៅវិញយើងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការសហការជាមួយដៃគូអូស្រ្តាលី សំដៅថែរក្សាសន្តិភាពនៅក្នុងតំបន់របស់យើង»។
លោក Li បន្តថា «យើងមិនចង់ឃើញមានការប្រកាន់បក្សពួកម្ខាងៗ ដូចទៅនឹងអ្វីដែលធ្លាប់បានកើតឡើងកាលពីសម័យសង្រ្គាមត្រជាក់នោះ ឡើយដែរ» ហើយលោកនាយករដ្ឋមន្រ្តីចិនបានលើកឡើងថា ទីក្រុងប៉េកាំងចង់បានបរិស្ថានពិភពលោកមួយ ដែលប្រកបដោយស្ថិរភាព។
គួរបញ្ជាក់ថា លោក Li Keqiang បានធ្វើដំណើរទៅដល់អូស្រា្តលីនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាការងារទាក់ទងប្រធានសន្តិសុខនិងការធ្វើពាណិជ្ជកម្មសេរី ជាមួយនាយករដមន្រ្តីលោក Malcolm Turnbull ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកទីមួយរបស់នាយករដ្ឋមន្រ្តីចិនទៅកាន់ប្រទេសមួយនេះនៅអំឡុងពេលជាងមួយទសវត្សកន្លងទៅនេះ៕