(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលខ្លួនពន្យល់បកស្រាយ ពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ បុណ្យទន្លេ លើកទី៣ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ដែលនឹងបើកទំព័រឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះហើយ។
នាទីស្ដីការក្រសួងទេសចរណ៍ លោករដ្ឋមន្រ្តីបានឲ្យដឹងថា បុណ្យទន្លេ បានប្រារព្ធឡើងក្រោយទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល កម្ពុជា តាមរយៈអនុក្រឹត្យលេខ២៦៥ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។ គោលបំណងសំខាន់ គឺដើម្បីបំផុសចលនាប្រជាពលរដ្ឋឲ្យចូល រួមអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមក្នុងយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការប្រារព្ធពិធី បុណ្យទន្លេ នៅតាមបណ្ដាខេត្តនៅជាប់ដងទន្លេមេគង្គ។
លោកបន្តថា បុណ្យទន្លេលើកទី៣នេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ស្អែក រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង ទឹកដីភាគឦសានប្រទេស ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»។
ប្រមុខក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ទន្លេមេគង្គ មានប្រវែងសរុបទាំងអស់ ៤,២០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម និងមានទំនាក់ទំនងជាមួយប្រជាជនរាប់លាននាក់»។
ទន្លេមេគង្គបានហូរកាត់ប្រទេសកម្ពុជា ប្រវែង៥០០គីឡូម៉ែត្រនេះ ហើយប្រជាជនដែលអាស្រ័យតាមបណ្ដោយ ទន្លេមេគង្គនេះ ក៏មានទំនាក់ទំនងជាមួយប្រជាជនដទៃទៀតដែរ ទាំងវប្បធម៌ ទេសចរណ៍ ការអភិរក្ស និងបរិស្ថាន នៅក្នុងទន្លេទៀតផង។
ប្រជាជនតាមដងទន្លេមេគង្គបានទទួលផលប្រយោជន៍ ពីធនធានទន្លេនេះ មានតាំងពីជីវចម្រុះ ធនធានធម្មជាតិ យ៉ាងសន្ធឹកសន្ធាប់ តែបើប្រជាជនចេះបង្កើតជាសហគមន៍ រួមគ្នាអភិរក្សធនធានធម្មជាតិទាំងនោះ ទុកសម្រាប់ទេសចរទៅទស្សនាកម្សាន្ត ច្បាស់ណាស់ វានឹងចេញជាផលិតលទេសចរណ៍ដ៏ទាក់ទាញ។ លោកថា «កាលណាតែភ្ញៀវទេសចរទៅទស្សនា ពួកគេនឹងចាយលុយ ពេលនោះ ហើយ ដែលប្រជាសហគមន៍ ទទួលបានផលប្រយោជន៍ ពីធនធានធម្មជាតិ ដែលពួកគាត់ខំអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព»។
ជាក់ស្ដែង រាជរដ្ឋាភិបាលបានបង្កើតឲ្យមានបុណ្យទន្លេនេះឡើង ដែលជាផលិតផលទេសចរណ៍ដ៏ធំមួយ សម្រាប់ពួកគាត់មានឱកាស រកប្រាក់ចំណូល និងផ្សព្វផ្សាយឲ្យភ្ញៀវបានស្គាល់ពី តំបន់ទេសចរណ៍ធម្មជាតិរបស់ពួកគាត់។
ពិតណាស់ បុណ្យទន្លេមិនត្រឹមតែបង្ហាញ ពីសក្ដានុពលទេសចរណ៍ តែនៅក្នុងខេត្តស្ទឹងត្រែនោះទេ តែបានផ្សព្វផ្សាយប្រាប់ភ្ញៀវ ទេសចរថា ពួកគេក៏អាចទៅទស្សនានៅតំបន់ផ្សេងទៀតផងដែរនៅខេត្តជុំវិញ ដូចជាព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ក្រចេះ ជាដើម។
លោកថា យើងបានជួយរៀបចំ និងបង្កើតជាសហគមន៍ទេសចរណ៍ ដើម្បីបង្វែរពីមុខរបរបរបាញ់សត្វព្រៃ កាប់ព្រៃឈើ ប៉ះពាល់ដល់ ជីវចំរុះ ឲ្យប្រជាពលរដ្ឋងាកមកធ្វើកិច្ចការបម្រើដល់វិស័យទេសចរណ៍វិញ ព្រោះបានផ្ដល់ប្រាក់ចំណូលច្រើនជាង។ ដូចជាសហគមន៍ អភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតនៅខេត្តក្រចេះ ជាដើម គឺថាទេសចរចាប់អារម្មណ៍ចូលចិត្តទស្សនាសត្វផ្សោតទន្លេណាស់ព្រោះលើ ពិភពលោក សត្វផ្សោតទន្លជាសត្វកម្រ ដែលមានតែនៅកម្ពុជាប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា ទេសចរនៅប្រទេសឡាវ ក៏មកទស្សនាបុណ្យទន្លេនៅកម្ពុជានេះ ពួកគាត់អាចចេញពីខេត្ត ចម្ប៉ាសាក់ ឆ្លងចូលមកខេត្តស្ទឹងត្រែង មកទស្សនាកំសាន្តបុណ្យទន្លេនេះ ហើយអាចហួសទៅខេត្តព្រះវិហារ និងសៀមរាបអង្គរ ដែលយើងនឹងរៀបចំជាខ្សែទស្សនកិច្ច បេតិកភណ្ឌពិភពលោក (World héritage network)។ ព្រោះនៅខាងឡាវ ខេត្តចម្ប៉ាសាក់ ក៏មានប្រាសាទវត្តភូ ដែលជាបេតិកភណ្ឌពិភពលោផងដែរ។
ម្យ៉ាងទៀត ខេត្តស្ទឹងត្រែង ក៏ជាខេត្តមួយនៅភូមិភាគឦសាន្ត ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-វៀតណាម-ឡាវ ដែលថ្នាក់ដឹកនាំកំពូលទាំង៣ បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ ពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ទៀតផង ហើយបុណ្យ ទន្លេក៏ត្រូវបានរាប់បញ្ចូលក្នុងព្រឹត្តិការណ៍ទេសចរណ៍ អបអរសាទរខួបទី៥០ នៃការបង្កើតអាស៊ាន [email protected] ផងដែរ។
ទាំងនេះហើយ ដែលនាំឲ្យគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ សម្រេចយកប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣ ឆ្នាំ២០១៧នេះ។
សូមជម្រាបថា គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៧ ត្រូវបានដឹកនាំដោយ លោករដ្ឋមន្រ្តី ថោង ខុន និងមានការ ចូលរួមពី ក្រសួងទេសចរណ៍ ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងវប្បធម៌វិចិត្រសិល្បះ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល អាជ្ញាធរខេត្តស្ទឹងត្រែង គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕