(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ លោក នេត ណាត បានចេញលិខិតចំហរមួយ ដោយប្រកាសមិនគាំទ្រ ចំពោះសមាជខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ និងទាមទារឲ្យលោក កឹម សុខា លាលែងពីតំណែង នេះបើយោងតាមលិខិតរបស់មន្រ្តីជាន់ខ្ពស់រូបនោះ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតរបស់លិខិចំហររបស់លោក នេត ណាត បានសរសេរបញ្ជាក់ថា «លក្ខន្តិកៈរបស់គណបក្ស គឺជាច្បាប់កំពូលរបស់គណបក្ស ដែលទាំងអស់គ្នាត្រូវតែគោរព និងត្រូវអនុវត្តតាមយ៉ាងម៉ឺងម៉ាត់បំផុត។ គ្រប់គ្នាបានដឹងច្បាស់ថា ការរៀបចំសមាជវិសាមញ្ញដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សសង្រ្គោះជាតិកន្លងទៅ គឺធ្វើឡើងយ៉ាងតក់ក្រហល់ និងពុំមានការគាំទ្រពីសមាជិក-សមាជិកាភាគច្រើនរបស់គណបក្សសង្រ្គោះជាតិនោះទេ ពិសេសមកពីកូតាគណបក្ស សម រង្ស៊ី»។
នៅក្នុងលិខិចំហរនោះបានបញ្ជាក់ទៀតថា៖ «ដើម្បីអាចការពារគណបក្សពីវិបត្តិនៃការរំលាយគណបក្សនេះ ក្នុងនាមជាគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ ខ្ញុំសូមទាមទារឲ្យលោក កឹម សុខា ប្រសិនបើមិនមានមហិច្ឆិតាលេបយកគណបក្សនេះទេ ត្រូវតែហ៊ានលះបង់លាលែងពីតំណែងប្រធានគណបក្សជាបន្ទាន់ ដូចគំរូវីរភាពរបស់លោកប្រធាន សម រង្ស៊ី ដើម្បីសង្រ្គោះគណបក្សពីការរំលាយ និងបើកផ្លូវឲ្យមានការរៀបចំក្បាលម៉ាស៊ីនឡើងវិញ ត្រឹមត្រូវតាមលក្ខន្តិកៈ»៕